(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង តាមបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ដល់យោធិននារី គ្រប់កងឯកភាព ត្រូវបន្តផ្តល់ឱកាស និងបង្កលក្ខណៈឱ្យនារី បានបង្កើនសមត្ថភាពចំណេះដឹង និងបំពេញតួនាទីភារកិច្ចឱ្យកាន់តែប្រសើរឡើង ត្រូវផ្ដោតការយកចិត្តទុកដាក់លើការធានាឱ្យបាននូវការកសាងអ្នកដឹកនាំឌីជីថល ជាពិសេសចំពោះយុវជនបន្តវេន ដើម្បីជំរុញឱ្យការធ្វើអន្តរកម្មរបស់យោធិនគ្រប់រូប នៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃសេដ្ឋកិច្ច និងសង្គមឌីជីថលកាន់តែមានប្រសិទ្ធភាព និងសក្ដិសិទ្ធភាព។

ការផ្តាំផ្ញើបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានធ្វើឡើងក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៣ និងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្រសួងការពារជាតិឆ្នាំ២០២៤-២០២៨ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ។

នាឱកាសនោះដែរ រដ្ឋមន្ត្រីការពារជាតិ ក៏បានកោតសរសើរចំពោះយោធិននារីគ្រប់រូប ដែលបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព បូរណភាពទឹកដី និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្ថែមថា ក្នុងនោះយុទ្ធនារីត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្បលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស ក៏ដូចជាការលើកកម្ពស់អត្ថប្រយោជន៍ សិទ្ធិ អំណាច និងសេចក្តីថ្លៃថ្នូររបស់នារីក្នុងកងយោធពលខេមរភូមិន្ទទាំងមូល។

ឧបនាយករដ្ឋមន្ត្រីការពារជាតិ ទៀ សីហា បានគូសបញ្ជាក់ដែរថារាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្ត្រីគឺជាស្នូល។

សូមបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ដែលបានរៀបចំប្រារព្ធពិធីដ៏មានសារៈសំខាន់នាពេលនេះ ដើម្បីរំឭកពីភាពអង់អាចក្លាហាន នៃការតស៊ូទាមទារសិទ្ធិសេរីភាពស្មើគ្នារបស់នារី និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាច និងតម្លៃយោធិននារីគ្រប់រូបនៅក្នុងយោធពលខេមរភូមិន្ទ។ ពិធីនេះមានការចូលរួមចូលរួមពីសមាជិកចំនួន ១០៥០នាក់៕