(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ក.យ.គ. ដោយមានការចូលរួមពីអង្គសន្និបាតប្រមាណ៥៥០រូប។

នាឱកាសនោះដែរ លោកអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យ ក.យ.គ. បន្តពង្រឹងកិច្ចសហការល្អជាមួយភាគីពាក់ព័ន្ធ ដើម្បីអនុវត្តផែនការសកម្មភាពទាក់ទងនឹងការងារបណ្តុះបណ្តាល ពង្រឹងសមត្ថភាពយុវជន ការរៀបចំព្រឹត្តិការណ៍សង្គមផ្សេងៗ កម្មវិធីកីឡា ចលនាយុវជនឱ្យចូលរួមសកម្មភាពនានារបស់ ស.ស.យ.ក. ជំរុញនិងលើកទឹកចិត្តយុវជនឱ្យចុះឈ្មោះចូលជាសមាជិករបស់ ស.ស.យ.ក. តាមប្រព័ន្ធ UYFC App ដើម្បីកសាងស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ឆ្នាំ២០២៤។

លោកអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ក.យ.គ បានចូលរួមក្នុងព្រឹត្តិការសង្គមជាតិសំខន់ៗរួមមាន ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចូលរួមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ាន-ប៉ារ៉ាហ្គេម ផ្សព្វផ្សាយយុទ្ធនាការ Beyond The Game ចូលរួមបត់បេះដូងដើម្បីបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោក រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅខេត្តសៀមរាប ការងារសង្គមកិច្ច និងការកៀរគរយុវជនធ្វើសកម្មភាព និងចូលជាសមាជិក ស.ស.យ.ក. ជាដើម។

សន្និបាត ក.យ.គ. បានប្រព្រឹត្តិដោយមានការធ្វើបាយការណ៍ស្វាគមន៍ស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ថ្លែងដោយលោកសាស្ត្រាចារ្យ ឯក មនោសែន អនុប្រធាន ក.យ.គ. របាយការណ៍លទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ ថ្លែងដោយលោកសាស្ត្រាចារ្យ សេង ផល្លី និងមានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន៤ ដើម្បីជាធាតុចូលសម្រាប់ធ្វើផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពអនុវត្តបន្ត។

ប្រធានបទទាំងនោះរួមមានទី១៖ តួនាទីរបស់យុវជនក្នុងការថែរក្សាសន្តិភាពនៅក្នុងសង្គមកម្ពុជា ដោយលោកបណ្ឌិត សាន វឌ្ឍនា, ទី២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយលោកបណ្ឌិត ហ៉ីង ស៊ីដេត, ទី៣៖ យុវជន និងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យអប់រំ តាមលំនាំគន្លងថ្មីនៃយុគសម័យឌីជីថល ដោយលោក ហោ ប៉េង និងទី៤៖ យុវជន និងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម នាពេលបច្ចុប្បន្នដោយ លោក លី ណាវុឌ្ឍ។

លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានកត់សម្គាល់ថា ខ្លឹមសារនៃបទបង្ហាញលើប្រធានបទទាំង៤ បានផ្ដល់សារសំខាន់ ទស្សនៈ និងគំនិតជាមូលដ្ឋានដ៏មានប្រយោជន៍ដល់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ក្នុងការអនុវត្តផែនការសកម្មភាព និងកម្មវិធីការងាររបស់ខ្លួនក្នុងឆ្នាំ២០២៤នេះ ឱ្យបានសម្រេចជោគជ័យបន្ថែមទៀត។ ជាពិសេសបានផ្តល់គុណតម្លៃខ្ពស់ចំពោះសុខសន្តិភាព និងតម្រូវការចាំបាច់របស់យុវជនក្នុងយុគសម័យឌីជីថល។

សូមបញ្ជាក់ថា ពិធីបិទសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុ ជា (ស.ស.យ.ក.) នឹងប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមអធីបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕