Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញលិខិតចំហរ ឆ្លើយតបនឹងការប្រឌិតព័ត៌មា​នមួយចំនួនថា លោក ហ៊ុន ម៉ាណែត ចាញ់ក្តីនៅសហរដ្ឋអាមេរិក

02-09-2016 21:51

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ផៃ​ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតចំហរ ដើម្បីឆ្លើយតបនឹងការប្រឌិតព័ត៌មានមួយចំនួនថា លោក ហ៊ុន ម៉ាណែត កូនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាញ់ក្តីនៅតុលាការសហរដ្ឋអាមេរិក ជុំវិញបណ្តឹងរបស់ លោក មាជ សុវណ្ណារ៉ា។

តបនឹងរឿងនេះ លោក ផៃ ស៊ីផាន បានចេញលិខិតចំហរ ដែលមានខ្លឹមសារដូចតទៅ៖

«…
នៅថ្ងៃនេះ បណ្តាញសារព័ត៌មាន និងបណ្តាញសង្គម បានផ្សព្វផ្សាយនៅក្រោមឥទ្ធិពលព័ត៌មានប្រឌិត ដែលលើកឡើងថា តុលាការអាមេរិក បានវិនិច្ឆ័យក្តីចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាល ចាញ់ក្តីនៅក្នុងករណីនេះរួចហើយ។ ព័ត៌មានទុច្ចរិតនេះ ពុំបានស្តែងចេញអំពីការពិតនៅក្នុងបន្ទប់វិនិិច្ឆ័យក្តីនោះទេ ត្បិតនីតិវិធីតុលាការរសហរដ្ឋអាមេរិក មានលក្ខខណ្ឌប្រហាក់ប្រហែល និងនីតិវិធីដូចកម្ពុជាផងដែរ។

នៅក្នុងដំណាក់កាលនេះ គឺជាដំណាក់កាសើុបសួរ តម្រូវឲ្យ ដើមបណ្តឹងត្រូវមានភស្តុតាង នៃអង្គហេតុ ដែលមានទំងន់ ជាមួយនឹងអង្គច្បាប់ ដែលជាធាតុផ្សំឲ្យចៅក្រមពិចារណា និងបន្តនីតិវិធីទៅពេលក្រោយទៀត។ ហើយនៅក្នុងពេលនេះ គឺមិនមែនជាពេលកាត់សេចក្តីមានអ្នកឈ្នះ និងមានអ្នកចាញ់នោះទេ។ អាស្រ័យហេតុនេះព័ត៌មានបំពុល និងទុច្ចរិតគឺជាអំពើឃោសនាអកុសលតែប៉ុណ្ណោះ។
រាជរដ្ឋាភិបាលកម្ពុជា គឺមិនស្ថិតនៅក្រោមឥទ្ធិពលនៃអំណាចតុលាការរបស់សហរដ្ឋអាមេរិកនោះទេ ត្បិតរាជរដ្ឋាភិបាល គឺតំណាងឲ្យរដ្ឋអធិបតេយ្យភាព មិនចំណុះចំពោះមុខតុលាការបរទេសនោះទេ លើកលែងតែតុលាការអន្តរជាតិណាមួយ ដែលកម្ពុជាផ្តល់សច្ចាប័ត្រ ជាសមាជិក។

ដូចនេះ ព័ត៌មានដែលបានផ្សព្វផ្សាយនោះ គឺគ្រាន់តែជាយុទ្ធនាការដាក់សម្ពាធ និងធ្វើឲ្យបណ្តាញសារព័ត៌មានក្នុងស្រុកមានការយល់ច្រឡំតែប៉ុណ្ណោះ។

រីឯ ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាប្រជាពលរដ្ឋខ្មែរ និងជាឥស្សរជនខ្មែរ ដែលទទួលបានកិច្ចការពារដោយច្បាប់កម្ពុជា ដែលមានអធិបតេយ្យភាពឯកជនរបស់ឯកឧត្តមផ្ទាល់ ដែលខុសគ្នា និងលោកមាជ សុវណ្ណរ៉ា ដែលប្រព្រឹត្តនូវសកម្មភាពដែលតុលាការកម្ពុជាមានអំណាចយុត្តាធិការគ្រប់គ្រាន់ក្នងករណីនេះ។ សូមជម្រាបផងដែរថា លោកមាជ សុវណ្ណរ៉ា ជាពលរដ្ឋខ្មែរនៅក្នុងករណីនេះ។

អរគុណ
….»៕