(ភ្នំពេញ)៖ នៅក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជុំវិញលទ្ធផលនៃការអញ្ជើញចូលរួមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី លោក តាន ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបង្ហាញសមិទ្ធផលសំខាន់ៗ នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ជាមួយមេដឹកនាំប្រទេសជាមិត្ត នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ជាច្រើនផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មាននេះលោក តាន ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ឱ្យដឹងថា អូស្ត្រាលីនឹងចាប់ផ្តើមដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចអូស្ត្រាលីមួយច្បាស់លាស់ សម្រាប់អាស៊ីអាគ្នេយ៍ ហើយនៅក្នុងក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រនេះ អូស្ត្រាលីគ្រោងនឹងសហការគ្នាជាមួយកម្ពុជា នៅលើវិស័យមួយចំនួនជា៖ វិស័យកសិកម្ម វិស័យអប់រំ និងវិស័យទេសចរណ៍, ទាក់ទងនឹងវិស័យទេសចរណ៍នេះដែរ កម្ពុជា- អូស្ត្រាលី បានចុះកិច្ចព្រមព្រៀងស្តីពី សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងគោលដៅជម្រុញការទំនាក់ទំនងនៅលើវិស័យទេសចរណ៍មួយនេះ។
លោក តាន ហ្សង់ហ្វ្រង់ស័រ បានបន្ថែមថា វិស័យទេសចរណ៍នេះក៏ជាប្រធានបទធំមួយនៃកិច្ចពិភាក្សាទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំកំពូលៗចំនួន៥ទៀតផងដែរ ដែលជាលទ្ធផលជាក់ស្តែងមានដូចជា៖
* កម្ពុជា-វៀតណាម៖ បានជំរុញឱ្យអនុវត្តគំនិតផ្តួចផ្តើមប្រទេស៣ គោលដៅ១ ដែលជាការសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-វៀតណាម+ប្រទេសមួយទៀតក្នុងតំបន។
* កម្ពុជា-សឹង្ហបុរី៖ បានលើកទឹកចិត្តឱ្យវិស័យឯកជនបង្កើតកញ្ចប់ទេសចរណ៍រួម ដើម្បីឱ្យភ្ញៀវទេសចរក្នុងប្រទេសទាំង២ងើបឡើងវិញឱ្យបានចាប់រហ័ស បន្ទាប់ពីវិបត្តិកូវីដ១៩។
* កម្ពុជា-ឥណ្ឌូនេស៊ី៖ លើកទឹកចិត្តឱ្យស្ថាប័នជំនាញ និងវិស័យឯកជនសិក្សាពីលទ្ធភាពនៃការតភ្ជាប់ពីតំបន់ទេសចរណ៍រវាងប្រទេសទាំង២។
* កម្ពុជា-ហ្វីលីពីន៖ បានបង្ហាញបំណងចង់ឃើញវិស័យឯកជននៃប្រទេសទាំង២ សហការគ្នាដើម្បីជម្រុញលំហូរទេសចរណ៍ និងពិនិត្យមើលលទ្ធភាពនៃការបង្កើនជើងយន្តហោះ ហៅហើរត្រង់តភ្ជាប់តំបន់ទេសចរណ៍សំខាន់ៗនៃប្រទេសទាំង២។
លោក តាន ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ទៀតថា សម្រាប់វិស័យពាណិជ្ជកម្មវិញក៏ជាប្រធានបទមួយសំខាន់នៃជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំកំពូលៗផងដែរ ដែលជាក់ស្តែងមានដូចជា៖ កម្ពុជា- ហ្វីលីពីន សម្រេចបង្កើនពាណិជ្ជកម្មទ្វេភាគី ជាពិសេសការទិញលក់អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត, កម្ពុជា- វៀតណាម ប្តេជ្ញាសម្រេចឱ្យបាននូវការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរហូតទៅដល់ ២០ប៊ីលាន នាពេលអនាគត់ដ៏ខ្លីខាងមុខនេះ។
លោកបានបន្ថែមទៀតថា ទាក់ទងនឹងពាណិជ្ជកម្មនេះដែរ កម្ពុជា-ឥណ្ឌូនេស៊ី បានឯកភាពគ្នាលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ លើការពង្រីកពាណិជ្ជកម្មអង្កររវាងប្រទេសទាំង២, ដោយឡែកក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំកំពូលទាំង ៦រូប ក៏បានជម្រុញផងដែរលើកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀតដូចជា៖នយោបាយ ការពារជាតិ សន្តិសុខ និងផ្សេងៗទៀតផងដែរ៕