(ភ្នំពេញ)៖ លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា គណបក្ស Labour ដែលបច្ចុប្បន្ន ជាគណបក្សកាន់អំណាចនៅប្រទេសអូស្ត្រាលី គួរតែព្រមាន លោក តាក់ ម៉េងហ៊ាង ដែលដើរខុសគោលនយោបាយរបស់ខ្លួន ព្រោះមេបក្សដែលកំពុងកាន់អំណាច បានទទួលស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ប៉ុន្តែសមាជិកបែរជាលើកគ្នាតវ៉ា។

ការលើកឡើងរបស់លោកបណ្ឌិត សូ ណារ៉ូ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅរាត្រីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជុំវិញលទ្ធផលនៃការអញ្ជើញចូលរួមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី។

លោកបណ្ឌិត សូ ណារ៉ូ បានថ្លែងថា សម្រាប់នៅប្រទេសអូស្ត្រាលី គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានប្រជាពលរដ្ឋខ្មែរជាង ១ពាន់នាក់ ដង្ហើរក្បួនតាមដងផ្លូវ ដើម្បីបង្ហាញការគាំទ្រដំណើរបំពេញទស្សនកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ជាមួយនឹងចំនួនប្រជាពលរដ្ឋខ្មែរ ដ៏ច្រើនលើសលប់ចេញមកទទួលស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, លោកបណ្ឌិត សូ ណារ៉ូ បានបង្ហាញការសោកស្តាយដោយសារតែមានពលរដ្ឋខ្មែរយើងមួយចំនួនតូច បានខិតខំប្រឹងប្រែងសម្តែងការប្រឆាំងវត្តមានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដោយបានកៀរគបាតុករភូមា វៀតណាម និងឡាវ ដើម្បីធ្វើយ៉ាងណាថតឱ្យឃើញចំនួនច្រើនជាដើម។ តែការពិតជារូបភាពមួយបំភាន់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

លោកបណ្ឌិត សូ ណារ៉ូ បានគូសបញ្ជាក់ថា តាមរយៈការចូលនិវត្តន៍របស់លោក ហុង លីម ដែលជាអ្នកនយោបាយចាស់កំរិល គឺនយោបាយចងគំនុំ នយោបាយសងសឹក ការលាភពណ៌ដ៏ខ្មៅងងឹត នយោបាយជេរប្រមាថគេដូចសត្វធាតុ សត្រូវស៉ីសាច់ហូតឈាម ដែលជានយោបាយជ្រុលនិយម ក៏ត្រូវចូលនិវត្តន៍តាមលោក ហុង លីម ផងដែរ។

លោកបណ្ឌិត សូ ណារ៉ូ បានឱ្យដឹងថា នៅពេលមានការផ្លាស់ប្តូរថ្មី ពីលោក ហុង លីម មកលោក តាក់ ម៉េងហ៊ាង ដែលជាបញ្ញវន្តជំនាន់ក្រោយគួរតែមានការផ្លាស់ប្តូរវិធីសាស្ត្រធ្វើនយោបាយឱ្យថ្លៃថ្នូរជាងមុន បំបាត់ភាពជ្រុលនិយម គំនុំសងសឹក តែគួរឱ្យសោកស្តាយ គឺថា លោក តាក់ ម៉េងហ៊ាង នៅតែបន្តនយោបាយជ្រុលនិយម ពីជំនាន់ចាស់ ហើយកាន់តែជ្រុលនិយម ជាងអ្នកនយោបាយចាស់ទៅទៀត សូម្បីតែ សម រង្ស៉ី ក៏មិនហ៊ានដឹកនាំបាតុកម្មប្រឆាំងផ្ទាល់ជាមួយប្រមុខរាជរដ្ឋាភិបាលដែរ តែបែរជាគាត់ចេញមុខដោយប្រថុយប្រថានប្រឆាំងប្រមុខរដ្ឋាភិបាលទៅវិញ។

លោកបណ្ឌិត សូ ណារ៉ូ បានលើកឡើងយ៉ាងដូច្នេះថា៖ «គួរឱ្យអស់សំណើចទៅទៀត នៅត្រង់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត លោកបានទទួលការអញ្ជើញពីប្រទេសអូស្ត្រាលី ដែលនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese គឺជាមេដឹកនាំគណបក្សកាន់អំណាច ដែលជាគណបក្ស Labour គឺលោក តាក់ ម៉េងហ៊ាង ក៏ជាសមាជិករបស់គណបក្ស Labour ដែរ អញ្ចឹងគាត់បែរជាដឹកនាំមនុស្សបាតុកម្មនៅពេលដែលមេរបស់គាត់ គោរពអញ្ជើញសម្តេចធិបតី ទៅប្រទេសអូស្ត្រាលី នេះគួរតែគណបក្ស Labour ត្រូវតែព្រមានលោក តាក់ ម៉េងហ៊ាង ដែលដើរខុសនឹងគោលការណ៍របស់គណបក្សគាត់»

លោកបណ្ឌិត សូ ណារ៉ូ បានគូសបញ្ជាក់ថា បុគ្គល តាក់ ម៉េងហ៊ាង មានតួនាទីជាមេធាវី ប៉ុន្តែបែរជាមិនចេះច្បាប់ត្រង់ថា រាជរដ្ឋាភិបាលកម្ពុជា និងសមាជិកគណបក្សកាន់អំណាចរបស់កម្ពុជា ដែលចេញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី គឺមិនបានធ្វើសកម្មភាពណាមួយជ្រែតជ្រែត ក្នុងកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលីនោះទេ។ តែរដ្ឋាភិបាលកម្ពុជា​បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់រដ្ឋធម្មនុញ្ញចកម្ពុជា ដោយតាមថែរក្សា គាំពារពលរដ្ឋខ្មែរទាំងអស់នៅក្រៅប្រទេស។

លោកបណ្ឌិត សូ ណារ៉ូ បានផ្តាំផ្ញើទៅក្រុមអ្នកនយោបាយប្រឆាំងជំនាន់ក្រោយ គួរតែផ្លាស់ប្តូរទម្លាប់នយោបាយជ្រុលនិយម ដែលបន្សល់ទុកដោយក្រុមអ្នកប្រឆាំងជំនាន់មុន៕