(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោកប៉ា សុជាតិវង្ស បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ ចុះពិនិត្យមើលស្ថានភាពផ្លូវដែកដែលទុកចោលជាច្រើនឆ្នាំមកហើយ ដើម្បីត្រួតពិនិត្យឈានទៅដល់ការស្ថាបនាផ្លូវបេតុងលើគម្រោងម្ខាង១០ម៉ែត្រតាមបណ្តោយផ្លូវរថភ្លើងនេះ។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា កំណាត់ផ្លូវរថភ្លើងដែលត្រូវស្ថាបនាជាផ្លូវបេតុងនេះត្រូវធ្វើឡើងដោយចែកចេញជា២តំណាក់កាល ។
ក្នុងនោះតំណាក់កាលទី១ ស្ថាបនាចាប់ពីផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដល់ផ្លូវលេខ៧០ ដែលមានប្រវែងជាង៤៦០០ម៉ែត្រ និង ដំណាក់កាលទី២ ស្ថាបនាចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់បឹងកក់ទី១និងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកមានចក្ខុវិស័យឃើញថា ផ្លូវដែកមួយ ខ្សែនេះលែងមានជាគុណប្រយោជន៍សម្រាប់ការដឹកជញ្ជូនដូចពីដើមទៀតទេ ហើយផ្លូវដែកនេះខូច លែងប្រើការកើតទៀតហើយ។អាស្រ័យហេតុនេះ រដ្ឋាភិបាលបានប្រគល់ ភារកិច្ចអោយរដ្ឋបាលរាជធានី បើកផ្លូវនេះ សម្រាប់អោយប្រជាពលរដ្ឋ ធ្វើដំណើរ ពិសេសដើម្បីរៀបរយប្រជាជនរស់នៅ តាមដងផ្លូវដែកនេះមានសណ្តាប់ ធ្នាប់ មានអនាម័យ បរិស្ថានល្អ ក្នុងការរស់នៅ ដោយមានប្រព័ន្ឋលូ ទឹកស្អាត ដាក់ភ្លើងអគ្គិសនីរដ្ឋតែម្តង។
លោកអភិបាលបន្តថា ពាក់ព័ន្ឋនឹងគម្រោងនេះ រដ្ឋបាលរាជធានី នឹងពិភាក្សាជាមួយក្រសួងសាធារណការ ដើម្បីដកដែកចេញ ព្រមទាំងឈូសពង្រាបផ្លូវនេះ គឺមិនចាំបាច់ ទុកដីអោយខ្ពស់ទៀតនោះទេ ពីព្រោះផ្លូវនេះ មានសារសំខាន់ណាស់ សម្រាប់បញ្ចៀសចរាចរពីកំណាត់ផ្លូវជាតិ៥ មកផ្លូវ លេខ៧០ ទំនប់ទួលគោក តំបន់បឹងកក់ ផងដែរ ។
ទន្ទឹងការស្ថាបនាផ្លូវនេះ លោក ប៉ា សុជាតិវង្ស បានលើកឡើងថា រដ្ឋបាលរាជធានី មិនមានគម្រោងយកប្រជាជនដែលរស់នៅតាមដងផ្លូវដែកសព្វថ្ងៃនេះចេញក្រៅនោះទេ ឬក៏ជំរុញអោយប្រជាជនទៅនៅកន្លែងផ្សេងទេ សាលារាជធានីនឹងខិតខំដោះស្រាយនៅនឹងកន្លែង ដើម្បីបង្កលក្ខណៈអោយប្រជាជនរស់នៅ ទន្ទឹមនឹងផ្តល់កម្មសិទ្ឋិអោយគាត់ ផ្តល់ផលប្រយោជន៍គាត់នៅល្អណាស់ ហើយមានប្រយោជន៍ជាច្រើនទៀត បន្ទាប់ពីផ្លូវកើតឡើង។
លោកប៉ា សុជាតិវង្ស ធ្លាប់បានអៈអាងហើយថា គម្រោងស្ថាបនាផ្លូវអមសងខាងផ្លូវ ដែកចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវនេះមិនតម្រូវឲ្យពលរដ្ឋរងផលប៉ៈពាល់ ណាម្នាក់ចាក់ចេញពីតំបន់នេះឡើយ ដោយប្រើយុទ្ធសាស្រ្តកាត់បន្ថយផលប៉ៈពាល់មកនៅកម្រិតទាបបំផុត។
អាជ្ញាធររាជធានីជាញឹកញយបានជំរុញឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍនេះទៅពិចារណាអោយបានលឿនដើម្បី ឈានទៅស្ថាបនាផ្លូវឲ្យបានឆាប់ ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលគ្មានផ្លូវធ្វើចរាចរណ៍ត្រឹមត្រូវ។
ក្នុងដំណើរដោយថ្មើរជើង ក្រោមកំដៅថ្ងៃ ភ្លៀងផង លើចំងាយផ្លូវរដិបរដុប ឆ្លងកាត់ខណ្ឌប្ញស្សីកែវ និងខណ្ឌទួលគោក ប្រមាណជិត៥គីឡូម៉ែត្រ លោក ប៉ា សុជាតិវង្ស ព្រមទាំងមន្ត្រីក្រោមឱវាទ មន្ត្រីបច្ចេកទេស នៃរដ្ឋបាលរាជធានី ក្នុងបេសកកម្មចុះពិនិត្យផ្លូវដែកនោះ ត្រូវបានប្រជាជនស្វាគមន៍យ៉ាងរីករាយរាក់ទាក់បំផុត និងថែមទាំងស្រែកប្រាប់ប្រតិភូ ដោយក្តីអំណរថា សូមលោកជួយជំរុញ អោយមានការស្ថាបនាចេញជារូបរាងផ្លូវ នេះ អោយបានឆាប់ៗផង ដើម្បីជួយដោះ ស្រាយបញ្ហារបស់ពួកគាត់៕