(ភ្នំពេញ)៖ លោកកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអាស៊ាន បានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្រ្តាលី គឺជាការបង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាល ចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយមិនមានការទិញទឹកចិត្តនោះទេ ហើយការគាំទ្រដ៏ខ្លាំងក្លានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូង។

លោកបណ្ឌិតបញ្ជាក់ដូច្នេះគឺក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១-៧ ខែមីនា ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារាត្រីថ្ងៃទី៧ ខែមីនា។

លោកថ្លែងយ៉ាងដូច្នេះថា «ការចូលរួមនេះគឺបង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាល មិនមានការទិញដូរដូចការចោទប្រកាន់នោះទេ ដែលខ្ញុំឃើញជាក់ស្ដែង អ្នកខ្លះសុខចិត្តទិញសំបុត្រយន្តហោះពីស៉ីដនីទៅមែលប៊ន ហើយអ្នកចូលរួមក្នុងកម្មវិធីពេញតែម្ដង»

លោក សូ ណារ៉ូ បានបន្តថា ការចូលរួមក្នុងកម្មវិធីសំណេះសំណាលនេះ គឺបង្ហាញនូវទឹកចិត្តគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរចំពោះរាជរដ្ឋាភិបាល សម្ដេចតេជោ សម្ដេចធិបតី ដែលមានកំណើនស្ទុះឡើងយ៉ាងខ្លាំងក្លា។

លោកបានបន្តទៀតថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមិនដែលធ្លាប់មានទេ គឺប្រជាពលរដ្ឋខ្មែរជិត១ពាន់នាក់បានដង្ហែតាមផ្លូវ ដើម្បីបង្ហាញការស្រឡាញ់ ទុកចិត្តចំពោះរាជរដ្ឋាភិបាលដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ វិបុលភាពដល់ទឹកដីនិងប្រជាជនកម្ពុជា។

ចំណែកឯបាតុករដែលប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែមានគ្នាតិចពេក ពួកគេក៏បានចូលរួមជាមួយមាតុករភូមា វៀតណាម ឡាវ ចងក្រងគ្នាដើម្បីឱ្យបានឃើញចំនួនច្រើន ដោយពួកគេភាគច្រើនប្រើប្រាស់ទង់របស់វៀតណាមសេរី ដូច្នេះហើយឃើញតែពណ៌លឿងៗ។

គួរជម្រាបថា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងនូវែលសេឡង់ នាថ្ងៃទី៣ ខែមីនា នៅទីក្រុងមែលប៊ននោះ គឺមានអ្នកចូលរួមប្រមាណជាង១,៦០០នាក់។ ចំពោះអ្នកចង់ចូលរួមគឺមានចំនួនច្រើនជាងនេះទៅទៀត គ្រាន់តែទីតាំងដែលរៀបចំពិធីសំណេះសំណាលនោះ ត្រូវកំណត់បានតែជាង១ពាន់នាក់ តែយ៉ាងណាក៏មានអ្នកគាំទ្រជាច្រើនពាន់ច្រើនម៉ឺននាក់ទៀតដែរ៕