(ភ្នំពេញ)៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានធ្លាក់ពីលើផ្ទះចូលប្រហោងជញ្ជាំងផ្ទះជាប់អស់ជាច្រើនម៉ោងពោលតាំងពីវេលាម៉ោងប្រមាណ ៦៖៣០នាទីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ រហូតត្រូវបានជួយសង្គ្រោះយកចេញមកវិញដោយជោគជ័យ នៅវេលាម៉ោងជាង៩យប់។
ហេតុការណ៍ដ៏តក់ស្លុត និងកម្រកើតមានឡើងនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងនៅផ្ទះលេខ២៦ ក្រុមទី៧ ភូមិ២ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយមានករណីនេះកើតហេតុ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក បានទាក់ទងក្រុមកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ មកសង្គ្រោះក្មេងស្រីមានឈ្មោះ សុខ នីតា ពីព្រោះមានតែក្រុមសង្គ្រោះ៧១១ទេ ដែលមានមន្រ្តីជំនាញ និងឧបករណ៍អាចជួយក្មេងស្រីបាន។
ក្រោយធ្វើដំណើរមកដល់, ក្រុម៧១១ រួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់នៅខណ្ឌទួលគោក បានបើកប្រតិបត្តិការខួងជញ្ជាំង និងប្រើវិធីសាស្រ្តមួយចំនួនរហូតជួយទាញយកក្មេងស្រីមកវិញបានដោយជោគជ័យ នៅវេលាម៉ោង ៩៖២៤នាទីយប់ថ្ងៃដដែលនេះ ប៉ុន្តែក្មេងស្រីរងគ្រោះមានសភាពអស់កម្លាំងយ៉ាងខ្លាំង និងការឈឺចុកចាប់លើរាងកាយដែលខ្លួននាងនៅជាប់ក្នុងប្រហោងជញ្ជាំងផ្ទះ ដោយមិនអាចកម្រើកខ្លួនបានទាល់តែសោះ។
ក្រោយជួយសង្គ្រោះបានហើយ, ភ្លាមៗក្មេងស្រីរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយអាយុជីវិត។ សម្រាប់មូលហេតុដែលនាំឲ្យក្មេងស្រីធ្លាក់ចូលប្រហោងជញ្ជាំងផ្ទះបែបនេះ នៅមិនទាន់ទទួលបានព័ត៌មានលំអិតនៅឡើយទេ៕