(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ លោកបណ្ឌិតសភាចារ្យ ណាទ ប៊ុនរឿន តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទមហាសន្និបាតបូកសរុបការងាអប់រំឥស្លាម ឆ្នាំ២០១៥-២០២៣ និងលើកទិសដៅការងារបន្ត នៅវិទ្យាស្ថានជាតិអប់រំ។

នៅក្នុងពិធីបិទ នៃមហាសន្និបាតខាងលើ លោក ណុះ ស្លេះ បានលើកឡើងថា ក្នុងនាមជាគណៈកម្មការរៀបចំមហាសន្និបាតផ្ទាល់ ពិតជាមានសេចក្ដីសោមនស្ស រីករាយជាខ្លាំង ហើយបានលើកឡើងអំពីដំណើរការមហាសន្និបាតបូកសរុបលទ្ធផលការងារអប់រំឥស្លាម ឆ្នាំ២០១៥ ២០២៣ និងលើកទិសដៅការងារបន្ត ក្រោមប្រធានបទ កំណែទម្រង់វិស័យអប់រំឥស្លាមក្នុងបរិបទឌីជីថល បានដំណើរការឡើងរយៈពេល២ថ្ងៃ ដោយជោគជ័យ។

គណៈកម្មការរៀបចំមហាសន្និបាត បានរៀបចំកម្មវិធីអមមួយចំនួន ដូចជាការតាំងពិព័រណ៍ដាក់បង្ហាញសមិទ្ធផលការងារអប់រំឥស្លាម ការប្រកួតប្រជែងស្នាដៃតែងនិពន្ធខុទ្ទពះ (ការថ្លែងក្នុងថ្ងៃសុក្រ) ជ័យលាភីទូទាំងប្រទេស ការវាយតម្លៃជ្រើសរើសសាលាស្អាតទូទាំងប្រទេស។

លោកបានបន្ថែមថា សមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងរយៈពេលកន្លងមក សមាគមន៍គ្រូបង្រៀនខ្មែរឥស្លាមនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវបន្តជំរុញអនុវត្ត និងសម្រេចឲ្យបានលទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលនយោបានកំណែទម្រង់របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ លោកបណ្ឌិតសភាចារ្យ ណាទ ប៊ុនរឿន បានថ្លែងថា អង្គមហាសន្និបាតនេះមិនត្រឹមតែអាចពិនិត្យលទ្ធផលសម្រេចបានលើការងារអប់រំឥស្លាមទាំងមូលប៉ុណ្ណោះទេ ថែមទាំងផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធ បានយល់ជ្រាប និងបន្តចូលរូមអនុវត្តកម្មវិធីកែទម្រង់អប់រំកាន់តែសុីជម្រៅបន្ថែមទៀត។ បន្ថែមលើសពីនោះ វឌ្ឍន៍ភាពនៃវិស័យអប់រំឥស្លាម បានរួមចំណែកយ៉ាងសំខាន់ដល់ការរីកលូតលាស់នៃសង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែរ។

លោកសូមកោតសរសើដល់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជាមួយនិងក្រុមការងាក៏ដូចជាសមាគមន៍គំរូបង្រៀនខ្មែរឥស្លាមកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការឧបត្ថម្ភ លើការជួយរៀបចំផែនការសកម្មភាពការងារក្នុងវិស័យអប់រំឥស្លាមកន្លងមក។

សូមជម្រាបថា ក្នុងពិធីមហាសន្និបាតខាងលើមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២៤។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំឥស្លាម តាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំវិស័យអប់រំ សាស្ត្រាចារ្យ បញ្ញវន្ត តាមបណ្ដោរាជធានី ខេត្តទូទាំងប្រទេស និងតំណាងអង្គការសមាគមពាក់ព័ន្ធនានា ចូលរួមផ្ទាល់ប្រមាណ៧០០នាក់ និងតាមប្រព័ន្ធអនឡាញប្រមាណ១,០០០នាក់៕