(បារាំង)៖ ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោកស្រីឡោក ខេង បានជួបពិភាក្សាការងារជាមួយ លោកស្រី ស្សាឡុត ប៉ាម៉ង់ធ្យាឡឺកុក (Charlotte PARMENTIER-LECOCQ) ប្រធានគណៈកម្មការសង្គមកិច្ច នៃរដ្ឋសភាបារាំង ដើម្បីស្វែងយល់និងសិក្សាពីការរៀបចំ និងអនុវត្តគោលនយោបាយសង្គមកិច្ចនៅសាធារណរដ្ឋបារាំង និងស្នើសុំឱ្យភាគីបារាំងជួយបណ្តុះបណ្តាលជំនាញថ្មីៗបន្ថែមទៀតដល់គ្រូពេទ្យនិងវិស័យវេជ្ជសាស្រ្តនៅកម្ពុជា។

នៅក្នុងជំនួបនេះ លោកស្រី ឡោក ខេង បានលើកឡើងអំពីយុទ្ធសាស្រ្តបញ្ចកោណ មុំទី២ដែលផ្តោតលើការលើកម្ពស់សុខមាលភាពប្រជាជននិងពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ក្រោមពាក្យស្លោក «មិនទុកឱ្យប្រជាជនណាម្នាក់មិនទទួលបានសេវាសុខភាពឡើយ»។ នៅក្នុងនោះគឺបានជំរុញលើកកម្ពស់សេវាថែទាំសុខភាពនៅមណ្ឌលសុខភាព ពង្រឹងស្ថាប័នសុខាភិបាលនិងកិច្ចសហប្រតិបត្តិការ ពង្រឹងវិស័យឯកជននិងវិស័យសាធារណៈ តាមរយៈមូលនិធិសមធម៌សុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ប្រមាណជា៣.៥លាននាក់ និងរបបសន្តិសុខសង្គមជូនមន្រ្តីរាជការ អតីតយុទ្ធជន នគរបាល កម្មករនិយោជិក ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុងស្រុក ខណ្ឌ ភូមិ។

បច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានពង្រីកគោលនយោបាយនេះទៅដល់កម្មករនិយោជិកក្រៅប្រព័ន្ធ និងប្រកាសឱ្យប្រើរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដោយស្ម័គ្រចិត្ត ជូនដល់បុគ្គលស្វ័យនិយោជ និងសហព័ទ្ធនៃសមាជិក ប.ស.ស និងកូនអាយុក្រោម១៨ឆ្នាំ។ ជាពិសេស យកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស ទៅដល់យុវជនក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមាន៣៨ជំនាញ។ បច្ចុប្បន្នបានអនុវត្តជាអាទិភាពចំនួន១០ជំនាញ និងមានយុវជនចុះឈ្មោះចូលរៀនជិត៣ម៉ឺននាក់ ហើយបានបើកថ្នាក់បង្រៀនជាបណ្តើរៗ ដោយប្រកាន់ពាក្យស្លោក «រៀនឱ្យចេះ ឱ្យចប់ឱ្យមានការងារធ្វើ» និងប្រកាន់ខ្ជាប់គឺយុវជនម្នាក់មានជំនាញមួយយ៉ាងតិច។

លោកស្រីបានបន្ថែមថា កម្ពុជាបានយកចិត្តទុកដាក់លើការលើកកម្ពស់សុខមាលភាពស្រ្តីមានផ្ទៃពោះ និងកុមារអាយុ២ឆ្នាំ ដោយតំឡើងការឧបត្ថម្ភសាច់ប្រាក់ដើម្បីឱ្យស្រ្តីទៅពិនិត្យផ្ទៃពោះមុននិងក្រោយសម្រាលចំនួន៦ដងនិងចាក់វ៉ាក់សាំងកូនអាយុក្រោម២ឆ្នាំ។

លោកស្រី Charlotte បានគូសបញ្ជាក់ថា​ កម្ពុជាគឺជាដៃគូមិនអាចខ្វះបានរបស់បារាំង ដូច្នេះលោកស្រីក៏ចង់ស្វែងយល់ពីការអនុវត្តល្អរបស់កម្ពុជាផងដែរ ឆ្លើយតបទៅនឹងសំណូមពររបស់កម្ពុជាទាក់ទងទៅនឹងការបណ្តុះបណ្តាលក្រុមគ្រូពេទ្យ លោកស្រីអះអាងថា​ នឹងព្យាយាមពាំនាំសំណូមពរនេះបន្តទៀតដើម្បីឱ្យកម្ពុជាអាចទទួលបាននូវសំណើនេះពីបារាំង។

ជាការពិតណាស់ គោលនយោបាយសាធារណៈសង្គមកិច្ចគឺជាចំណុចស្នូលរបស់ប្រទេសបារាំង ជាពិសេសការជួយគាំទ្រយុវជននិងការផ្តល់អាទិភាពការងារដល់ប្រជាជនក្រីក្រ តួយ៉ាងដូចជាការវិនិយោគទៅលើយុវជនតាមរយៈការធ្វើគោលនយោបាយដែលសមស្របទៅនឹងតម្រូវការរបស់យុវជន និងទីផ្សារការងារ ដើម្បីកសាងទំនុកចិត្តឱ្យយុវជនជឿជាក់លើប្រព័ន្ធអប់រំនិងប្រព័ន្ធការងារនៅបារាំងឡើងវិញ។ គួរបញ្ជាក់ថា បារាំងបានបង្កើតប្រព័ន្ធគាំពារសង្គមមួយដែលមានលក្ខណៈអំណោយផល ដែលជួយដល់ស្រ្តីដែលមានកូនតូចអាចត្រឡប់ទៅធ្វើការងារវិញបាន។ ម្យ៉ាងវិញទៀត ប្រព័ន្ធរបបសន្តិសុខបារាំងបាននឹងកំពុងវិនិយោគទៅលើការថែទាំសុខភាពទៅតាមកម្រិតអាយុនៃប្រជាជន ដែលថមថយសុខភាព ឬហៅថា ប្រព័ន្ធនៃការថែទាំសុខភាពនិងបង្ការជំងឺទុកជាមុន។

ក្រៅពីបញ្ហាប្រឈមដែលសកលលោកកំពុងជួបប្រទះដោយសារតែវិបត្តិកូវីដ និងសង្រ្គាមរុស្សី-អ៊ុយក្រែន បារាំងក៏កំពុងប្រឈមនឹងអតុល្យភាពរវាងមនុស្សចាស់និងមនុស្សដែលមានវ័យសកម្មការងារ វិសមភាពយេនឌ័រ ប្រាក់កម្រៃមិនស្មើគ្នាឬមិនទទួលបានប្រាក់កម្រៃ និងសិទ្ធិស្រ្តី។ គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ រដ្ឋសភានិងព្រឹទ្ធសភាបារាំងបានធ្វើវិសោធនកម្ម អនុម័តច្បាប់រំលូតកូន ដើម្បីផ្តល់សិទ្ធិឱ្យស្រ្តីអាចជ្រើសរើសលើសិទ្ធិនិងសុខភាពបន្តពូជរបស់ខ្លួនបានពេញលេញ។

នៅក្នុងន័យនេះ កម្ពុជានិងបារាំងមានបញ្ហាប្រឈមស្រដៀងគ្នា លោកស្រី ឡោក ខេង បានជម្រាបជូនលោកស្រី Charlotte ថា​ កម្ពុជាក៏មានច្បាប់រំលូតកូនដែរប៉ុន្តែផ្អែកទៅលើលក្ខខណ្ឌមួយចំនួន។ កម្ពុជាក៏ប្រឈមទៅនឹងបញ្ហាសុខភាពមនុស្សចាស់ច្រើនដែរ ដូចជាបញ្ហាអត្រាកើនឡើងនៃអ្នកជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមជាដើម ដែលតម្រូវឱ្យសភានិងរដ្ឋាភិបាលកម្ពុជាព្រមទាំងដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលត្រូវខិតខំរួមគ្នាបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា៕