(អូស្ត្រាលី)៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ នៅទីក្រុងមែលប៊ិន ប្រទេសអូស្ត្រាលី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីទំនាក់ទំនងរវាងអាស៊ាន និងវៀតណាម ហើយនាយករដ្ឋមន្ត្រីវៀតណាម ក៏បានអញ្ជើញលោកអគ្គលេខាធិការអាស៊ាន ទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសវៀតណាម តាមវេលាសមស្របខាងមុខផងដែរ។

បន្ទាប់មកនៅថ្ងៃដដែល នាទីក្រុងមែលប៊ិន ប្រទេសអូស្ត្រាលី បណ្ឌិត កៅ គឹមហួន បានអញ្ជើញថ្លែងសន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។

ប្រមុខរដ្ឋរដ្ឋាភិបាលអាស៊ាន បានអនុម័ត សេចក្តីថ្លែងការណ៍ចក្ខុវិស័យមេដឹកនាំអាស៊ាន-អូស្ត្រាលី, -ភាពជាដៃគូសម្រាប់សន្តិភាព និងវិបុលភាព និងសេចក្តីប្រកាសទីក្រុងមែលប៊ិន, - ភាពជាដៃគូសម្រាប់អនាគត ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តនៃភាគីទាំងពីរ ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ដែលមានអត្ថន័យ មានសារៈសំខាន់ និងមានផលប្រយោជន៍ទៅវិញទៅមក៕