(ភ្នំពេញ)៖ ខណៈដែលប្រទេសនៅតំបន់អាស៊ីកំពុងរាលដាល វីរុស Zika ជាពិសេសប្រទេសសិង្ហបុរី និងប្រទេសថៃ។ ក្រសួងសុខាភិបាលកម្ពុជាបានអះអាងថា នៅបច្ចុប្បន្នកម្ពុជាមិនទាន់រកឃើញអំពីវិរុស Zika ទេ។
ដើម្បីចូលរួមចំណែកជាមួយនឹងក្រសួងសុខាភិបាល អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវប្រការគួរយល់ដឹងអំពីជំងឺ Zika ទាំងរោគសញ្ញា ការបង្ការ ព្យាបាល ជូនប្រជាពលរដ្ឋបានជ្រាប ដែលដកស្រង់ចេញពី Facebook ផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត។
«ហ្ស៊ីកា» ជាប្រភេទជំងឺឆ្លង ដែលបង្កដោយពពួកវីរុស Zika ហើយភ្នាក់ងារចម្លងជាប្រភេទសត្វមូសខ្លា ដែលដូចគ្នាទៅនឹងជំងឺគ្រុនឈាម។ មានការផ្ទុះឡើងជាថ្មីនៃជំងឺហ្ស៊ីកានេះ នៅក្នុងប្រទេសមួយចំនួន នៅតំបន់អាស៊ាន ដូចជាប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី និងប្រទេសថៃ។
ក) រោគសញ្ញា៖
ភាគច្រើននៃអ្នកកើតជំងឺនេះ (ប្រហែល ៧០ទៅ ៨០%) ពុំមានស្តែងចេញជារោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែរោគសញ្ញាដែលអាចកើតមានដូចជា៖
- ក្តៅខ្លួន
- រោគសញ្ញាលើស្បែក (ដូចជាស្នាមក្រហមអុចលើស្បែក)
- ឈឺសាច់ដុំ និងសន្លាក់ដៃជើង
- ភ្នែកឡើងក្រហម (រលាក Conjonctive ភ្នែក)
- រោគសញ្ញាបន្ទាប់បន្សំៈ
* អស់កម្លាំង
* ឈឺក្បាល
* វិបត្តិផ្លូវរំលាយអាហារ (រាគ ក្អួត)
ខ) ការកំណត់រោគវិនិច្ឆ័យ៖
ចំពោះអ្នកជំងឺដែលមានអាការៈដូចបានរៀបរាប់ខាងលើ គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះ ហើយការធ្វើរោគវិនិច្ឆ័យនោះ ត្រូវបានធ្វើឡើង ដោយការកំណត់រកមេរោគប្រភេទ Zika នេះនៅក្នុងឈាមអ្នកជំងឺ។
គ) ការវិវត្តន៍នៃជំងឺ៖
- អត្រាមរណៈនៃជំងឺនេះមានចំនួនទាបនៅឡើយ
- ភាគច្រើននៃជំងឺនេះ នឹងវិវត្តទៅរកភាពជាសះស្បើយពី ២ថ្ងៃ ទៅ ៧ថ្ងៃ
- យ៉ាងណាក៏ដោយ ជំងឺនេះអាចបង្កផលលំបាកបន្ទាប់ពីមានការឆ្លងដូចជាជំងឺទន់ដៃជើង ដែលបណ្តាលមកពីការប៉ះ ពាល់ប្រព័ន្ធប្រសាទ (Guillain-Barré)
- ចំពោះស្ត្រីមានផ្ទៃពោះអាចប្រឈមនឹងទារកស្លាប់ក្នុងផ្ទៃ ឬទារកកើតមកបាន តែសភាពក្បាលមិនប្រក្រតី ដែលភាគច្រើនកើតឡើងលើស្ត្រីមានផ្ទៃពោះក្នុងកំឡុងត្រីមាសទី១ និងទី២នៃគត៌។
ឃ) ការព្យាបាល៖
មកដល់ពេលបច្ចុប្បន្ននេះ មិនទាន់មានថ្នាំព្យាបាល ក៏ដូចជាវ៉ាក់សាំងប្រឆាំងនឹងជំងឺ ហ្ស៊ីកា នេះនៅឡើយទេ។ ការព្យាបាល គឺធ្វើឡើងដើម្បីកាត់បន្ថយនៅរោគសញ្ញាគ្លីនីករបស់អ្នកជំងឺ។ យ៉ាងណាក៏ដោយថ្នាំប្រភេទ Aspirine មិនត្រូវបានណែនាំ អោយប្រើប្រាស់ឡើយក្នុងករណីដែលយើងមិនទាន់កំណត់រោគវិនិច្ឆ័យច្បាស់លាស់។
ង) វិធីបង្ការ៖
យើងអាចការពារពីការឆ្លងជំងឺនេះដោយៈ
- លុបបំបាត់ជម្រកមូស
- ការពារពីមូសខាំ (ពេលព្រឹក និងពេលព្រលប់):
* គេងក្នុងមុង (ទាំងថ្ងៃ ទាំងយប់)
* ស្លៀកសំលៀកបំពាក់ជិតៗ (មានពណ៌ចាំង)
* ចៀសវាងនៅក្នុងទីងងឺត
* ប្រើផលិតផលការពារមូស (លាបលើស្បែក)
«ស្ត្រីមានផ្ទៃពោះក្នុងកំឡុងត្រីមាសទី១ និងទី២ ត្រូវមានការប្រុងប្រយ័ត្ន និងបង្ការខ្ពស់ ការពារនឹងជំងឺនេះ»៕