(ភ្នំពេញ)៖ សមាគមទន្តពេទ្យកម្ពុជា បានរៀបចំសន្និសីទ និងការតាំងពិពរណ៌ទន្តសាស្ត្រកម្ពុជាលើកទី២២ ក្រោមប្រធានបទ «ការអភិវឌ្ឍឥតឈប់ឈរនៃវិស័យទន្តសាស្ត្រជាសកល» ដើម្បីបណ្តុះបណ្តាលចំណេះដឹងបន្ត ឲ្យមាននិរន្តរភាពជារៀងរាល់ឆ្នាំដល់ទន្តបណ្ឌិត ទន្តពេទ្យ។

សន្និសីទ និងការតាំងពិពរណ៌ទន្តសាស្ត្រកម្ពុជាលើកទី២២ រៀបចំឡើងក្រោមការចូលរួមពី លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក សឿង គឹមសាន្ត ប្រធានសមាគមទន្តពេទ្យកម្ពុជា រៀបចំឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា បានថ្លែងថា សន្និសីទ និងការតាំងពិពរណ៍នេះរៀបចំឡើងដោយ សមាគមទន្តពេទ្យកម្ពុជា និងសហព័ន្ធទន្តពេទ្យពិភពលោក (FDI) និងដោយមានការជួយឧបត្ថម្ភពីបណ្តាក្រុមហ៊ុន សមាជិក សមាជិកា នេះសបញ្ជាក់ឲ្យឃើញថា សមាគមទន្តពេទ្យកម្ពុជា មានការសាមគ្គី សហការគ្នាល្អ និងបានអនុវត្តត្រឹមត្រូវនូវការជួយអប់រំ បណ្តុះបណ្តាលចំណេះដឹងបន្ត ឲ្យមាននិរន្តរភាពជារៀងរាល់ឆ្នាំដល់ ទន្តបណ្ឌិត ទន្តពេទ្យនៅកម្ពុជា។

លោកវេជ្ជបណ្ឌិតបានបន្ដថា សុខភាពមាត់ធ្មេញ ជាចំណែកមួយដ៏មានសារៈសំខាន់ នៃសុខភាពទូទៅរបស់មនុស្សគ្រប់រូប សុខភាពមាត់ធ្មេញល្អ បង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គមបានលូតលាស់ល្អប្រសើរ ហើយអាចចូលរួម ក្នុងការអភិវឌ្ឍប្រទេសជាតិ ផ្ទុយទៅវិញបើសុខភាពមាត់ធ្មេញមិនល្អ នាំឲ្យខាតបង់ពេលវេលា ប្រាក់កាស ទ្រព្យធន និងផលប្រយោជន៍ជាច្រើនទៀត។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ដើម្បីធានាបាននូវភាពថ្លៃថ្នូរក្នុងវិជ្ជាជីវៈ និងធានាបាននូវគុណភាព សុវត្ថិភាព នៃសេវាសុខភាពមាត់ធ្មេញ ក្រសួងសុខាភិបាលបានរៀបចំច្បាប់ស្ដី ពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងបានបង្កើតឲ្យមានគណៈទន្តពេទ្យ ដើម្បីគ្រប់គ្រង និងលុបបំបាត់នូវភាពអនាធិប្បតេយ្យ ក្នុងវិស័យសុខាភិបាល។ ដូចនេះអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ត្រូវមានកាតព្វកិច្ច ចុះបញ្ចិកាក្នុងបញ្ជីគណៈវិជ្ជាជីវៈសុខាភិបាល និងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ សុខាភិបាលដែលមានសុពលភាព។

លោក សឿង គឹមសាន្ត បានថ្លែងថា សន្និសីទ និងការតាំងពិព័រណ៍ទន្តសាស្ត្រ នៃសមាគមទន្តពេទ្យកម្ពុជា ប្រចាំឆ្នាំលើកទី២២ ឆ្នាំ២០២៤ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនល្បីៗ ទាំងជាតិ និងអន្តរជាតិ, សិក្ខាកាមជាតិ និងអន្តរជាតិ ព្រមទាំងតំណាងក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ទន្តសាស្ត្រចំនួន៣៩ក្រុមហ៊ុន សរុបមាន៩២ស្តង់។

លោកបានបន្ដថា សន្និសីទ និងការតាំងពិព័រណ៍ទន្តសាស្ត្រនៃសមាគមទន្តពេទ្យកម្ពុជា ប្រចាំឆ្នាំ តែងតែមានការអញ្ជើញចូលរួមពី តំណាងក្រសួងសុខាភិបាល ជាគណៈអធិបតីតំណាងការិយាល័យសុខភាព មាត់ធ្មេញ គណៈទន្តពេទ្យកម្ពុជា ថ្នាក់ដឹកនាំមហាវិទ្យាល័យទន្តសាស្ត្រទាំងអស់ ទាំងនេះសបញ្ជាក់ឲ្យឃើញពី ការគាំទ្រពីសំណាកំរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យទន្តសាស្ត្រនៃកម្ពុជា ដែលកំពុងធ្វើដំណើរអភិវឌ្ឍន៍ ទៅមុខជាលំដាប់គួរជាទីកត់សម្គាល់៕