(ពោធិ៍សាត់)៖ គណៈប្រតិភូ គណៈកម្មការទី៦ (នីតិកម្ម និងយុត្តិធម៌) នៃរដ្ឋសភា ដឹកនាំដោយលោក អង្គ វង្សវឌ្ឍនា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោក ខូយ រីដា អភិបាលខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា អំពីភូមិសាស្ត្រ និងស្ថានភាពទូទៅក្នុងខេត្តនោះថា ខេត្តពោធិ៍សាត់ជាខេត្តមួយក្នុងចំណោម២៥រាជធានីខេត្ត មាន៧រដ្ឋបាលស្រុក ក្រុង ៤៩ឃុំ សង្កាត់ និង៥២៦ភូមិ ដែលមានប្រជាពលរដ្ឋជាង៥២០ពាន់នាក់ និងជាង១៣២ពាន់គ្រួសារ។

ចំពោះវិស័យជំនាញពាក់ព័ន្ធនឹងគណៈកម្មការទី៦ នៃរដ្ឋសភា គឺលោកពៅ ពិសិដ្ឋ អភិបាលរងខេត្ត អង្គភាពស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹកខេត្ត មន្ទីរមុខងារសាធារណៈខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដីខេត្ត មន្ទីរកសិកម្មខេត្ត មន្ទីរអធិការកិច្ចខេត្ត និងសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។
ជាមួយគ្នានោះលោកបានជម្រាបជូនផងដែរ អំពីកិច្ចការរដ្ឋបាល និងយុត្តិធម៌រដ្ឋបាល ដែលទាក់ទងនឹងវិស័យទទួលខុសត្រូវ របស់គណៈកម្មការ ដូចជាយន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធ ដែលមិនពាក់ព័ន្ធរឿងព្រហ្មទណ្ឌ ជាពិសេសទំនាស់ដីធ្លី រវាងបុគ្គល ឬក្នុងក្រុមគ្រួសារ ដែលរដ្ឋបាលខេត្ត និងតុលាការបានសម្របសម្រួលនិងដោះស្រាយ និងចុះស្រាវជ្រាវដល់ទីកន្លែងជាក់ស្តែង។ ការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ បានអនុវត្តកន្លងមករដ្ឋបាលខេត្ត ទទួលបានលទ្ធផលល្អ ដែលភាគីទំនាស់ទទួលយកដោយពេញចិត្ត រក្សាបាននូវសាមគ្គី និងយោគយល់គ្នា។

លោកអភិបាលនៃគណអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ថាប័នរដ្ឋសភាជាតិ តែងតែបានផ្តល់នូវគោលការណ៍ណែនាំ តម្រង់ទិស និងផ្តល់អនុសាសន៍ល្អៗដល់រដ្ឋបាលខេត្ត ដោយសង្ឃឹមថាប្រតិភូអញ្ជើញមកបំពេញបេសកកម្មនៅខេត្តពោធិ៍សាត់ ពិតជាស្វែងយល់អំពីប្រសិទ្ធិភាព នៃការអនុវត្តច្បាប់នានា ក៏ដូចស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់។

ក្រោយពីបានស្តាប់នូវរបាយការណ៍ របស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធនោះរួចមក លោក អង្គ វង្សវឌ្ឍនា បានសម្តែងនូវការគោរពសរសើរ និងគាំទ្រ ចំពោះយន្តការដោះស្រាយទំនាស់របស់រដ្ឋបាលខេត្ត ដោយយល់ឃើញថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាកត្តាសំខាន់មួយដែលអាជ្ញាធរខេត្ត មិនគួរមើលរំលងបានទេ។ យន្តការដោះស្រាយនេះនឹងជួយសម្រាលដល់ស្ថាប័នតុលាការ និងមិនធ្វើឲ្យមានការកកស្ទះ នូវឯកសារ និងសំណុំរឿង ដែលនាំឲ្យមានការចោទប្រកាន់ពីប្រជាពលរដ្ឋ។

លោកសូមឲ្យរដ្ឋបាលខេត្តនិងមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ដើម្បីស្វែងរកយុត្តិធម៌ និងតម្លាភាព ជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងរក្សាបាននូវគោលការណ៍នីតិរដ្ឋ។ នូវរាល់បញ្ហាប្រឈម និងសំណូមពរ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សានេះ ប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា នឹងពាំនាំយកទៅជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជ្រាប និងជូនព័ត៌មានទៅក្រសួងពាក់ព័ន្ធធ្វើការពិនិត្យ និងដោះស្រាយ។

នាព្រឹកថ្ងៃដដែលនោះ គណៈប្រតិភូ គណៈកម្មការទី៦ នៃរដ្ឋសភា ដឹកនាំដោយលោក អង្គ វង្សវឌ្ឍនា ក៏បានបន្តចុះស្វែងយល់អំពីការអនុវត្តច្បាប់ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ផងដែរ៕