(ភ្នំពេញ)៖ អភិបាលខណ្ឌ២រូប ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ និងខណ្ឌពោធិសែនជ័យ គឺលោក សេង គន្ធ ជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ។

ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើង នាល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេងសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងនូវការអរគុណចំពោះសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានលះបង់អស់ កម្លាំងកាយចិត្ត ដើម្បីគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ ក្នុងការដឹកនាំប្រទេសជាតិ រហូតមកដល់ពេលនេះ។

លោក ឃួង ស្រេង បានស្នើឲ្យប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជា ខណ្ឌទាំង២ បន្តយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។ បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ បង្រ្កាបគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

លោក ឃួង ស្រេង ក៏បានជំរុញឲ្យគណបក្សខណ្ឌ សង្កាត់ត្រូវ ផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានលឿន និងមានតម្លាភាព ដើម្បីអោយប្រជាពលរដ្ឋ គោរពស្រលាញ់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា មានឱកាសអភិវឌ្ឍន៍ប្រទេស សម្រេចបាននូវចក្ខុវិស័យ ឲ្យក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

គួរបញ្ជាក់ថា លោក សេង គន្ធ សមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ ជំនួសលោក ហែម ដារិទ្ធ ដែលត្រូវទៅបំពេញការងារថ្មី ។ ចំណែកលោក សក់ ច័ន្ទកញ្ញារិទ្ធ សមាជិកគណៈបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ជំនួសលោក ក្រូច ផាន ដែលសុំចូលនិវត្តន៍។

លោក សក់ ច័ន្ទកញ្ញារិទ្ធ ក្នុងឱកាសនោះ បានប្ដេជ្ញាចិត្តគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជារហូត។ ប្តេជ្ញាចិត្តគោរពច្បាប់ បំពេញការងារឲ្យបានល្អ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន អនុវត្តនៅអភិក្រម អភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ។

លោក៏បានប្តេជ្ញាបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានលឿន និងមានតម្លាភាព ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។ ពង្រឹងការអនុវត្តធ្វើឲ្យភូមិសង្កាត់ មានសុវត្ថិភាព។ ប្ដេជ្ញាកសាងសមាជិកបក្ស ទៅតាមផែនការរបស់គណបក្ស និងគៀងគរ សមាជិកគណបក្សឲ្យបានច្រើន ដោយសមាជិកម្នាក់សន្លឹកឆ្នោតមួយសន្លឹក៕