(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ ដើម្បីពិភាក្សា ប្រមូលធាតុចូល សម្រាប់ការរៀបចំជាទស្សនាទាននៃគំរូអភិវឌ្ឍន៍ជនបទនៅកម្ពុជាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

កិច្ចការនេះគឺមានគោលដៅបង្កើតឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិត ឥរិយាបថរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ និងពង្រឹងបង្កើនប្រសិទ្ធភាពការអនុវត្ដភារកិច្ចរបស់មន្ដ្រីរាជការ។

លោករដ្ឋមន្ដ្រីបានបន្ដថា ដោយអនុលោមតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់គោលការណ៍សម្រាប់កំណែទម្រង់សាធារណៈ និងការអភិវឌ្ឍនានា គឺការរក្សាចាស់ បង្កើនថ្មី និងការពង្រឹងគុណភាព៧០% និងពង្រីក៣០% និងផ្អែកលើសមិទ្ធផលដែលមានក្នុងនីតិកាលកន្លងមក ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់លើការរៀបចំយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទ ឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួន គឺធានាការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅប្រជាជននៅជនបទឱ្យកាន់តែល្អប្រសើរឡើង សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់៕