(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាពលោកបណ្ឌិត អ៉ិត សំហេង អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង។ ក្នុងនោះក៏មានការចូលរួមពី លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងលោកស្រី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត អ៉ិត សំហេង បានលើកឡើងថា ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ជាប្រធានបទរំលេចអំពីសក្តានុពល និងភាពចាំ បាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការ វិវឌ្ឍរបស់សេដ្ឋកិច្ច-សង្គម ស្របទៅនឹងចក្ខុវិស័យដែលបានចង្អុល បង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា។
លោកបណ្ឌិត បានគូសបញ្ជាក់ថា នារីក្នុងរចនាសម្ព័ន្ធដឹកនាំបានសហការចូលរួម ជ្រោមជ្រែងបំពេញភារកិច្ច ជូនជាតិមាតុភូមិពីដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ដោយមិនខ្លាច នឿយហត់ និងបានចូលរួមចំណែកក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍប្រទេស រហូតទទួលបានជោគជ័យយ៉ាងធំធេងជាបន្តបន្ទាប់។
បច្ចុប្បន្ននារី នៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ។ ស្រ្តីជាថ្នាក់ដឹកនាំកំពូលរបស់យើងបានចូលរួមចំណែកលើកកម្ពស់សិទ្ធិនារី និងកុមារយ៉ាងសំខាន់ ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការយកចិត្តទុកដាក់លើទុរគតជន-ក្មេងកំព្រា និងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។
លោកបណ្ឌិត អ៉ិត សំហង បានបន្ថែមថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា បានដើរតួនាទីកាន់តែសំខាន់ សម្រួលដល់ការប្រាស្រ័យទាក់ទង និងការផ្សាភ្ជាប់រវាងមនុស្ស និងមនុស្ស សង្គម និងសង្គម ប្រទេស និងប្រទេស គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ ប៉ុន្តែភាពរីកចម្រើន និងភាពសម្បូរបែបក្នុងបរិវត្តកម្មឌីជីថលនេះ មនុស្សគ្រប់ប្រភេទ និងគ្រប់អាយុ ជាពិសេសស្ត្រី និងក្មេងស្រី អាចនឹងក្លាយជាជនរងគ្រោះ។ ប្រសិនបើពួកគេមិនបានយល់ដឹងអំពី ល្បិចបច្ចេកវិទ្យា ខ្វះសមត្ថភាពវិភាគ ឬខ្វះការការពារពីក្រុមគ្រួសារ និងសង្គមជាតិ ដូចជា ការឆបោកតាមប្រព័ន្ធឌីជីថល ការជួញដូរស្ត្រី-ក្មេងស្រី និងការបៀតបៀនតាមរូបភាពផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរជាដើម៕