(ភ្នំពេញ)៖ យន្តហោះ C919 និង ARJ21 ដែលផលិតនៅប្រទេសចិនដំបូងគេបង្អស់ បានចុះចតប្រកបដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ដែលជាការហោះហើរបង្ហាញសាកល្បង ។

លោក ស៉ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា យន្តហោះ C919 ជាយន្តហោះពាណិជ្ជកម្មដឹកអ្នកដំណើរ ដែលផលិតដោយចិន ហើយបានចាប់ផ្តើមការហោះហើរសាកល្បង និងការហោះហើរបង្ហាញរយៈពេលពីរសប្តាហ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍ មុននឹងឈានដល់ការចាប់ផ្តើមទីផ្សារក្រៅប្រទេស នៅពេលខាងមុខ។

លោកបន្តថា យន្តហោះពីគ្រឿងរបស់ចិន គឺ C919 និង ARJ21 បានហោះមកចុះចតប្រកបដោយសុវត្ថិភាព នៅព្រលានយន្តអន្តរជាតិភ្នំពេញ។ ជាមួយគ្នានេះ យន្តហោះ ARJ21 បានធ្វើការហោះហើរបង្ហាញ ដោយមានការដឹកតំណាងក្រុមហ៊ុនអាកាសចរណ៍មួយចំនួន និងភ្ញៀវមួយចំនួនទៀត ទៅកាន់អាកាសយានដ្ឋានសៀមរាបអង្គរ ដើម្បីបង្ហាញពីការហោះហើរ របស់យន្តហោះប្រភេទ ARJ21។បន្ទាប់មក នៅរយៈពេល២ម៉ោងក្រោយ ក៏ហោះមកព្រលានយន្តហោះអន្តរជាតិភ្នំពេញវិញ។

បើតាម លោក ស៉ីន ចាន់សេរីវុត្ថា យន្តហោះទាំង២គ្រឿងនេះ នឹងចាក់ចេញពីកម្ពុជា នៅថ្ងៃស្អែក ដើម្បីឆ្ពោះទៅកាន់ប្រទេសសមាជិកអាស៊ានផ្សេងទៀត។

សូមមម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន COMAC ដែលស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាលចិន​ និងមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានចេញសេចក្តីថ្លែងការណ៍ថា យន្តហោះ C919 និង ARJ21 នឹងធ្វើការហោះហើរបង្ហាញសមត្ថភាព នៅឯប្រទេសវៀតណាម ឡាវ កម្ពុជា ម៉ាឡេស៉ី និងឥណ្ឌូណេស៉ី។ ជាក់ស្តែងនៅពេលនេះ យន្តហោះដឹកអ្នកដំណើរ C919 និង ARJ21បានមកដល់ប្រទេសកម្ពុជាពិតប្រាកដមែន៕