(ប៉ារីស)៖ លោកស្រី យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជានៅសាធារណរដ្ឋបារាំង និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី ដែលសភាប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ ក្នុងគោលបំណងប្រមូលផ្តុំសំឡេងតំណាងពលរដ្ឋជាស្រ្តី ដើម្បីការពារផលប្រយោជន៍ស្រ្តីនៅទូទាំងពិភពលោក។
លោកស្រីប្រធានរដ្ឋសភាបារាំង បានលើកឡើងដូច្នេះ នៅក្នុងឱកាសជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាកម្ពុជា នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាបារាំង នាទីក្រុងប៉ារីស។
សម្តេចរដ្ឋសភាធិបតី និងលោកស្រីប្រធានរដ្ឋសភាបារាំង បានសម្តែងសេចក្តីរីករាយ ដោយបានឃើញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំងមានការរីកចម្រើនជាលំដាប់ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-បារាំង មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែក ដល់ការរក្សាបាននូវគោលការណ៍ពហុភាគីនិយម លើកកម្ពស់យន្តការសន្ទនា ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ជូនពលរដ្ឋជាសកល ក្នុងខណៈដែលសកលលោកនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅស្ថានភាពមួយមិនច្បាស់លាស់ ប្រែប្រួលយ៉ាងឆាប់រហ័ស ព្រមទាំងមានការផ្ទុះឡើងនូវសង្រ្គាមក្នុងតំបន់នានាមួយចំនួន។
សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលជានិច្ចកាលបានជួយគំាទ្រ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា តាំងពីដើមរៀងរហូតមក ជាពិសេសក្នុងការផ្តួចផ្តើមបង្កើតបាននូវសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងពីការរីកចម្រើនរបស់កម្ពុជាមកដល់ពេលបច្ចុប្បន្ននេះ ដែលរាល់សមិទ្ធផលទាំងនេះមិនអាចកាត់ផ្តាច់បានពីការគាំទ្រដ៏មានតម្លៃរបស់មិត្តបារំាងនោះឡើយ។ បារាំងបានគាំទ្រគម្រោងនានាលើវិស័យជាច្រើននៅកម្ពុជា ជាពិសេសវិស័យសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ច្បាប់ កសិកម្ម និងទឹកស្អាតជាដើម។
សម្តេចប្រធានរដ្ឋសភា បានស្នើសុំឱ្យសភាបារាំងជួយផ្តល់ការបណ្តុះបណ្តាលមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធនិងឈានទៅជាប្រទេសដៃគូយុទ្ធសាស្រ្ត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងគ្នានៅគ្រប់កម្រិត មានកម្រិតគណៈកម្មការជំនាញ អគ្គលេខាធិការដ្ឋាន និងអ្នកស្រាវជ្រាវកិច្ចការសភាជាដើម។ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ប្រទេសបារាំងលើកកម្ពស់ទំហំពាណិជ្ជកម្មនិងទេសចរណ៍នៃប្រទេសទាំងពីរឱ្យកើនឡើង ព្រមទាំងលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
ជាមួយគ្នានេះ លោកស្រី យ៉ាអ៊ែល ប្រូន ពីវេ បានសម្តែងក្តីរីករាយ ដែលភាសាបារំាងនៅតែបានប្រើប្រាស់យ៉ាងទូលំទូលាយនៅកម្ពុជា។ ភាគីបារាំងបានស្នើដល់ភាគីកម្ពុជា ជួយគំាទ្រដល់ការពង្រីកការអប់រំភាសាបារំាង ដល់យុវជនជំនាន់ក្រោយបន្ថែមទៀត ជាពិសេសការបង្កើតសាលារៀនបានច្រើននិងមានផាសុកភាព ងាយស្រួលដល់ការសិក្សារបស់សិស្ស។
សូមជម្រាបថា សម្តេចរដ្ឋសភាធិបតី បានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីសកលលោកលើកទី១ ដែលសភាប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ។
ដំណើរទស្សនកិច្ចនិងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី របស់សម្តេចប្រធានរដ្ឋសភា នៅប្រទេសបារាំងនាពេលនេះ មិនត្រឹមជាការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងបារាំង ឱ្យកាន់តែរឹងមាំថែមប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសល្អមួយរបស់រដ្ឋសភាកម្ពុជា ក្នុងការពង្រឹងវិស័យការទូតសភានិងបណ្តាញសមាជិកសភាស្រ្តី ជាមួយសភានានានៅលើសកលលោក ក្នុងការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុភាគីនិយម ដើម្បីថែរក្សា ការពារសុខសន្តិភាព ស្ថិរភាព វិបុលភាពសង្គម និងបរិយាបន្នជូនប្រជាពលរដ្ឋប្រកបដោយចីរភាព ផងដែរ៕