(សៀមរាប)៖ លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិបន្ទាយស្រី ភូមិខ្នារ ភូមិប្រិយ៍ ភូមិសណ្តាយ ភូមិកោះជ្រុំ និងភូមិទួលក្រឡាញ់ ស្ថិតនៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីលោក សោម សាមេត អភិបាលរងស្រុក ជាតំណាងលោកអភិបាលស្រុកបន្ទាយស្រី រួមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនរូបទៀត។

បើតាមលោក ស៊ុន សុជាតិ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺយោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ,បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងសារាចរណែនាំលេខ ០១ ដនស/ សដ ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០២ អនុវត្តនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីមាន ៥ ដំណាក់កាលដូចជា៖

* ទី១៖ ត្រៀមរៀបចំ គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ។
* ទី២៖ ប្រតិបត្តិការបច្ចេកទេស គឺការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ។
* ទី៣៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) គឺមានរយៈពេល ១៥ ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។
* ទី៤៖ ការសម្រេចលើឯកសារវិនិច្ឆ័យ៖ ធ្វើរបាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាលជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេច លើការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ ឬមិនពាក់ព័ន្ធនឹងដីរដ្ឋ។
* ទី៥៖ ការចុះបញ្ជី ចេញប័ណ្ណ និង ចែកប័ណ្ណជូនម្ចាស់ដី ។

លោក ស៊ុន សុជាតិ បានបន្ថែមថា ជាលទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ខេត្តសៀមរាប បានសម្រេចប្រកាសកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធរួចបានចំនួន ២៩៤ភូមិ លើក្រុង/ស្រុកចំនួន១២ រួមមាន៖ ក្រុងសៀមរាប បាន ៧១ភូមិ, ស្រុកពួក បាន ២៩ភូមិ, ស្រុកប្រាសាទបាគង បាន ២៧ភូមិ, ស្រុកសូទ្រនិគម បាន ៥១ភូមិ, ស្រុកក្រឡាញ់ បាន ២៨ភូមិ, ស្រុកជីក្រែង បាន ១៦ភូមិ, ស្រុកបន្ទាយស្រី បាន ១២ភូមិ, ស្រុកអង្គរធំ បាន ៦ភូមិ, ស្រុកស្រីស្នំ បាន ៧ភូមិ, ស្រុកវារិន បាន ១៦ភូមិ, ស្រុកស្វាយលើ បាន ១១ភូមិ និងស្រុកអង្គរជុំបាន ២០ភូមិ។

នាឱកាសនោះដែរលោក ស៊ុន សុជាតិ ក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី ត្រូវបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី រួមមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាពិពាហ៍ និងអត្តសញ្ញាណ ក្បាលដីដូចជា៖ ប័ណ្ណកម្មសិទ្ធិ បង្កាន់ដៃទទួលពាក្យ លិខិតលក់ទិញ លិខិតផ្ទេរសិទ្ធ សេចក្តីសំរេចរបស់តុលាការ ជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំ វាស់វែង វិនិច្ឆ័យ ឈានចូលមកដល់។

នៅក្នុងការប្រកាសតំបន់វិនិច្ឆ័យនេះមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់ចំនួន៦ភូមិ សូមអោយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសគឺភូមិ ឃុំ សង្កាត់និងប្រជាពលរដ្ឋដែលមានទីតាំង ទីលំនៅមានទីតាំងដីនៅក្នុងឃុំខាងលើនេះមេត្តាជួយផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្នុងស្រុក ក្រៅស្រុក ឬនៅក្រៅខេត្តអោយទទួលបានព័ត៌មាននៃការចុះបញ្ជីនេះ និងធ្វើការចូលរួមធ្វើការចុះបញ្ចីអោយបានគ្រប់ៗគ្នាតាមការកំណត់របស់ក្រុមការងារចុះបញ្ជី។

លោកក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងអស់នឹងចូលរួមកំណត់ព្រំ និងវាស់វែងលើក្បាលដីរបស់ខ្លួន ព្រមទាំងបង្ហាញនូវឯកសារ ដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ និងអត្តសញ្ញាណក្បាលដីដែលបានរៀបរាប់ខាងលើដល់មន្ត្រីចុះបញ្ជី ដើម្បីធានាបាននូវភាពសុក្រឹត្យ ត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងទាំងលក្ខណៈច្បាប់ផងដែរ៕