(ភ្នំពេញ)៖ កាលពីម្សិលមិញនេះ កម្ពុជា-ជប៉ុន បានបង្កើតជើងហោះហើរត្រង់ទៅវិញទៅមករវាងជប៉ុន និងកម្ពុជា ដែលធ្វើឱ្យភ្ញៀវទេសចរ ជាពិសេសភ្ញៀវជប៉ុន ចាប់អារម្មណ៍យ៉ាងខ្លាំង។ ចំពោះរឿងហោះហើរត្រង់រវាងជប៉ុនមកកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចធ្លាប់ស្នើសុំជប៉ុន ហោះហើរត្រង់មកកម្ពុជាតាំងពី១៦ឆ្នាំម៉្លេះ ហើយពេលនេះបំណងនេះបានសម្រេចហើយ។
នៅក្នុងជំនួបជាមួយ លោកស្រី Yuko Obuchi ដែលជាសមាជិកសភាជប៉ុន និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-ជប៉ុន នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ បានអំណរគុណដល់ លោកស្រី Yuko Obuchi និងគណៈប្រតិភូ ជាពិសេសរដ្ឋាភិបាលជប៉ុន ដែលបានជួយជំរុញឱ្យមានការហោះហើរ ត្រង់ពីជប៉ុនមកកាន់កម្ពុជា។ សម្តេចបញ្ជាក់ថា សម្តេចធ្លាប់បានជួបពិភាក្សា ជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុន កេស៊ូ អូប៊ូឈិ (Keizō Obuchi) ដែលត្រូវជាឪពុករបស់លោកស្រី កាលពីឆ្នាំ២០០០ ដើម្បីស្នើសុំឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជា។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រ Facebook សម្តេចតេជោ នៅល្ងាចនេះ។
នៅក្នុងជំនួបនោះ លោកស្រី Yuko Obuchi បានគោរពជម្រាបជូន សម្តេចតេជោថា ការហោះហើរត្រង់លើកដំបូង របស់ក្រុមហ៊ុនអាណាអ៊ែឡាញ (ANA AIRLINE) មកកាន់ប្រទេសកម្ពុជា មានរយៈពេលហោះហើរ៦ម៉ោង។ លោកស្រី បានថ្លែងអំណរគុណដល់ សម្តេចតេជោ ដែលបានគាំទ្រ និងប្រឹងប្រែងជំរុញអោយមានការហោះហើរត្រង់ពីណារីតា មកកាន់ទីក្រុងភ្នំពេញ ដោយផ្ទាល់ (Direct Flight)។
លោកស្រីថា ការហោះហើរត្រង់នេះ បានធ្វើអោយវិនិយោគិនជប៉ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសជាមួយសក្តានុពលរបស់កម្ពុជា ដោយសារតែភូមិសាស្ត្ររបស់ប្រទេសកម្ពុជា ស្ថិតនៅចំចំនុចកណ្តាលនៃបណ្តាប្រទេសអាស៊ាន ហើយម្យ៉ាងទៀតកម្ពុជាមានស្ថេរភាពសេដ្ឋកិច្ចល្អ និងមានកម្លាំងពលករច្រើនដែលជាកក្តា ទាក់ទាញវិនិយោគិនជប៉ុន មកកម្ពុជាកាន់តែច្រើនឡើងៗ។ លោកស្រី Yuko Obuchi បានស្នើ សម្តេចតេជោ បន្តជួយគាំទ្រក្រុមហ៊ុន ANA ដើម្បីអោយមានដំណើរការកាន់តែល្អប្រសើរឡើង។ ទោះបីក្នុងដំណាក់ការដំបូង ក្រុមហ៊ុននៅមិនទាន់បានទទួលប្រាក់ចំណេញ តែក្រុមហ៊ុនចង់ចូលរួមពង្រឹងមិត្ត ភាពរវាងប្រទេសទាំងពីរអោយកាន់តែល្អដើម្បីជំរុញការកសាងប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនទៅមុខ។
សម្តេចតេជោ ហ៊ុន សែន មានក្តីសប្បាយរីករាយណាស់ដែលកិច្ចពិភាក្សាជាង១៦ ឆ្នាំកន្លងមកនេះ បានលេចចេញជារូបរាងឡើងពិតប្រាកដនៅថ្ងៃនេះ។ នៅក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ក៏បានអញ្ជើញលោកស្រីភរិយា លោក Keizō Obuchi ដែលត្រូវជាម្តាយរបស់លោកស្រី Yuko Obuchi មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងនាមជាភ្ញៀវរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ នាពេលខាងមុខផងដែរ។
តាមរយៈការហោះហើរត្រង់នេះ នឹងធ្វើអោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឈានដល់កម្រិតថ្មីមួយទៀត នោះគឺតាមរយៈការតភ្ជាប់បន្ថែម ទៅលើទំនាក់ទំនងដែលមានស្រាប់ ហើយនេះគឺជាការតភ្ជាប់ប្រកបដោយគុណភាព មួយតាមផ្លូវអាកាស ដែលកម្ពុជាបានចាប់ផ្តើមជាមួយ មិត្តជប៉ុន។ សម្តេចតេជោ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករកម្ពុជា នឹងជ្រើសរើសការធ្វើដំណើរតាមអាកាសចរណ៍ជប៉ុន ANA AIR នៅពេលធ្វើដំណើរនាពេលខាងមុខនេះ៕