(កំពង់ធំ)៖ លើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរក្រុង ស្រុក ប្រធានអង្គភាពត្រូវឆ្លើយបំភ្លឺលាយលក្ខណ៍ជាលិខិតស្នាម នូវចម្ងល់ណាដែលមានការចោទសួរពីមតិមហាជន។

ជាមួយគ្នានោះបន្ទាប់ពីបានស្តាប់របាយការណ៍របស់លេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្តរួចមក លោក ងួន រតនៈ បានដាក់នៅគោលការណ៍បន្តដល់មន្ត្រីជំនាញ និងកងកម្លាំងទាំងបី ខិតខំដោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋាន និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ធំឲ្យមានប្រសិទ្ធភាព ព្រមទាំងកំណត់មុខសញ្ញាជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោកបន្តទៀតថា នៅថ្ងៃទី១១-២៩ ខែមីនា ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត នឹងរៀបចំការធ្វើតេស្តសារធាតុញៀនចំពោះមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក រដ្ឋបាលឃុំ សង្កាត់ ព្រមទាំងតាមបណ្តាមន្ទីរ និងអង្គភាពពាក់ព័ន្ធដទៃទៀតចំណុះឱ្យរដ្ឋបាលខេត្តស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល មន្ត្រីរាជការ ត្រូវបន្តជាគំរូស្អាតស្អំដល់ប្រជាពលរដ្ឋដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យអស់ពីកម្ពុជា៕