(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តធម្មរង្សីទួលអូដ្ឋ ហៅវត្តអូដ្ឋ ភូមិមិត្តារ៉ាច ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរព្រះគុណ និងអរគុណ ព្រមទាំងសូមកោតសរសើរយ៉ាងជ្រាលជ្រៅ ថ្វាយប្រគេនចៅអធិការ វត្តធម្មរង្សីហៅវត្តទួលអូដ្ឋ លោកអាចារ្យ គណៈកម្មការ និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានខិតខំ និងចូលរួមកសាងសមិទ្ធផលទាំងនេះឡើង និងសូមឱ្យកុសល ដែលកើតពីសទ្ធានៃការចូលរួមរបស់សប្បុរសជនទាំងឡាយ បាននាំមក នូវសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់កាល និងគ្រប់វេលា។

លោកបណ្ឌិតបានថ្លែងថា ការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋក្រោមម្លប់នៃសុខសន្តិភាព គឺជាសក្ខីកម្មដ៏អស្ចារ្យ និងជាមោទនភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំទាំងមូល។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ការបង្កើតសមិទ្ធិផលនានា ក្នុងវត្តធម្មរង្សី ហៅវត្តទួលអូដ្ឋ និងក្នុងមូលដ្ឋានឃុំអំពិលតាពក គឺជាកេរ្តិ៍ដំណែលសាសនាដ៏មានតម្លៃ ផ្សារភ្ជាប់នឹងព្រលឹងជាតិនៃបុព្វបុរសយើងតាំងពីបុរាណកាល ក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទ ក្នុងការបំពេញកុសលផ្សេងៗ តាមទំនៀមទម្លាប់ប្រពៃណីសាសនាផងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តធម្មរង្សីទួលអូដ្ឋ ជាសមិទ្ធផលចម្បងទី៥ហើយ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ គណបក្សប្រជាជណកម្ពុជាសម្រេចបានស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភាជាតិនឹងបានកំពុងបន្ត និងពង្រឹងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ យ៉ាងសកម្ម និងពោរពេញដោយថាមពលក្រោមការដឹកនាំដ៏ឆ្នើមពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលលោកបានយកចិត្តទុកដាក់ជាសំខាន់ចំពោះសុខទុក្ខប្រជាជនកម្ពុជាគ្រប់រូប ក្នុងនោះសម្តេចបានដាក់ចេញនូវអាទិភាពគន្លឹះចំនួន ៥ ទី១មនុស្ស ទី២ផ្លូវ ទី៣ទឹក ទី៤ភ្លើង និងទី៥បច្ចេកវិទ្យា។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ជាមួយនឹងអាទិភាពគន្លឹះនេះក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារចុះមូលដ្ឋានឃុំ និងគណបក្សប្រជាជនកម្ពុជា សម្រេចបាននូវសមិទ្ធផលស្របតាមអាទិភាពគន្លឹះជាច្រើនតាមរយៈយុទ្ធនាការ ផ្លូវរលោង បានសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ និងអ្នកដំណើរនានា ជាពិសេសនៅមូលដ្ឋានឃុំអំពិលតាពក បានឈូសឆាយ កិន ពង្រាបផ្លូវ បាន សម្រេច ១០០% លើផ្លូវក្នុងឃុំទាំងមូលចំនួន៦ខ្សែ មានប្រវែងសរុប ១៣,៧៥០ម៉ែត្រ ការកសាង ផ្លូវបេតុង អូររាំងឪ-ដំណាក់ព្រីង ប្រវែង ១១,៧៥០ម៉ែត្រ ផ្លូវបេតុង ភូមិព្រៃស្រឡៅ តភ្ជាប់ទៅភូមិមាសស្នេហ៍ ប្រវែង ៣,៧៥០ម៉ែត្រ និងផ្លូវបេតុង ភូមិទួលតាលាប់ ប្រវែង៧៥០ម៉ែត្រ ដាក់លូជីកប្រឡាយ នៅភូមិស្វាយតាធម្ម ប្រវែង ១,៥០០ម៉ែត្រ រៀបឥដ្ឋ ដាក់លូថ្មីជូនសាលាបឋមសិក្សាអំពិលតាពក ១២កង់កាយប្រឡាយទឹកដាក់លូ នៅភូមិទំពាំងបង្កង់ ១២កង់ និងការដំឡើងអំពូលសូឡា តាមដងផ្លូវ និងទីប្រជុំជននានាក្នុងឃុំ ចំនួន១១៤ឈុត និងអំពូលហ្វា ចំនួន១៦ឈុត។ល។

លោកបណ្ឌិត បានបញ្ជាក់ថា លើសពីសមិទ្ធិផលដែលសម្រេចបាន ក៏ឃើញពីភាពសុខដុមរមនាកម្មរបស់ប្រជាជនក្រោមដំបូលសន្តិភាព ដែលបានឆ្លុះបញ្ចាំងពីសាមគ្គីភាពប្រកបដោយជំនឿទុកចិត្តឥតងាករេពីគណបក្សប្រជាជនកម្ពុជា និងបានរួមគ្នាជ្រោង និងបន្តការពារសុខសន្តិភាពជាង៤០ឆ្នាំមកនេះឱ្យនៅគង់វង្ស៕