(កំពង់ចាម)៖ ស្មៀនឃុំច្បារអំពៅ នៅស្រុកបាធាយ ខេត្តកំពង់ចាម ទារលុយ២០០ដុល្លារពីប្រជាពលរដ្ឋ ថ្លៃសុំច្បាប់រៀបអាពាហ៍ពិពាហ៍ ត្រូវបានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដកបញ្ឈរជើងជាបណ្ដោះអាសន្ន ឲ្យទៅបម្រើការងារនៅទីចាត់ការរដ្ឋបាលសាលាខេត្តកំពង់ចាម។ នេះបើតាមលិខិតសម្រេចរបស់លោកអភិបាលខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

ជាមួយនឹងការដកបញ្ឈរជើងលោក ភាព តុលា ពីស្មៀនឃុំច្បារអំពៅនេះ លោក អ៊ុន ចាន់ដា ក៏បានចេញដីកាតែងតាំង លោកស្រី វី សុង៉ោ ពីមន្ដ្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រដ្ឋបាលស្រុកបាធាយ ឲ្យទៅបម្រើការងារជាមន្ដ្រីស្មៀនឃុំច្បារអំពៅ រហូតមានការសម្រេចជាផ្លូវការពីក្រសួងមហាផ្ទៃ។

គួរជម្រាបថា ដើមចមនៃការដកបញ្ឈរជើងស្មៀនឃុំច្បារអំពៅនេះ គឺផ្ដើមចេញពីការរិះគន់របស់ប្រជាពលរដ្ឋនៅលើបណ្ដាញសង្គម ដោយចោទប្រកាន់ថា លោក ភាព តុលា បានទាមទារលុយចន្លោះពី១០០ ទៅ២០០ដុល្លារ ជាថ្នូរនឹងការស្នើសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និងថែមទាំងប្រើប្រាស់ពាក្យសម្ដី កាយវិការមិនសមរម្យទៅលើរូបគាត់ថែមទៀតផង៕