(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានទៅពិនិត្យស្ថានភាពផ្លូវចំនួន៥ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពក្នុងការសាងសង់ ក៏ដូចជាបច្ចេកទេស។

ខ្សែទី១-ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅដល់វត្តគំរាបរុក្ខារាម ក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ មានប្រវែង៣៣០០ម៉ែត្រ ទទឹង៨ម៉ែត្រ មានសំណង់លូមូលមុខ១ចំនួន១០កន្លែង ក្រាលកៅស៊ូ៦ម៉ែត្រ ចិញ្ចើមក្រាលល្បាយក្រួសម្ខាងៗ១ម៉ែត្រ។ ជាលទ្ធផលសម្រេចបាន២០% គ្រោងនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤។

ខ្សែទី២-ជាប្រភេទផ្លូវបេតុង មានប្រវែង ២ ៦២០ម៉ែត្រ ស្ថិតនៅក្នុងឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP)។ ជាលទ្ធផលសម្រេចបាន ៦០% គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤ ។

ខ្សែទី៣-ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ DBST មានប្រវែង ៥ ៦៧០ម៉ែត្រ តភ្ជាប់ពីឃុំប្រស្នឹប ស្រុករលាប្អៀរ ទៅដល់ឃុំអញ្ចាញរូងស្រុកបរិបូរណ៍។ ជាលទ្ធផលសម្រេចបាន ៣០% គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៥ ជាគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។

ខ្សែទី៤-ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ២០គីឡូម៉ែត្រ តភ្ជាប់ពីឃុំប្រសែប ស្រុកកំពង់ត្រឡាច ទៅដល់ឃុំអភិវឌ្ឍន៍ស្រុកទឹកផុស ក្នុងក្របខណ្ឌគម្រោងកសាងសមត្ថភាពផលិតភាពជនបទ (CRRPCP)
។ ជាលទ្ធផលសម្រេចបាន ៧០% គ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៤។

ខ្សែទី៥- ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១១គីឡូម៉ែត្រ និង ៤៥ម៉ែត្រ បានស្ថាបនារួច ១០០% ក្នុងឃុំជើងគ្រាវ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងក្របខណ្ឌគម្រោងកសាងសមត្ថភាពផលិតភាពជនបទ (CRRPCP)។

លោករដ្ឋមន្រ្ដីបានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទមានសារៈសំខាន់ណាស់ ប្រៀបដូចសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាកសិករចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្រិតកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។

ដូចនេះការអភិវឌ្ឍផ្លូវនៅជនបទជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនិតិកាលទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដែលធានាសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕