(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំប្រារព្ធខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» និងជំរុញឲ្យស្ត្រីចូលរួមអនុវត្តវិស័យទាំង៦ ឲ្យបានច្រើនដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ នៅសាលាស្រុកសណ្តាន់។
ក្នុងពិធីនេះដែរដោយមានអ្នកចូលរួមពីលោក ស៊ឹម វណ្ណា ប្រធានក្រុមប្រឹក្សាស្រុក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ និងលោកស្រីព្រមទាំងតំណាងស្ត្រីនៅសាលាស្រុក និងមកពីបណ្ដាឃុំប្រមាណជិត និងតំណាងអង្គការជិត៣០០នាក់ ក្រោមជំនួយឧបត្ថម្ភគាំទ្រពីអង្គការអាដ្រាកម្ពុជា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងនូវការអបអរសាទរចំពោះខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២៤ នឹងបានផ្តាំផ្ញើដល់ស្ត្រីគ្រប់ៗរូបចូលរួមក្នុងការអនុវត្តវិស័យទាំង៦ មានដូចជាទី១៖ ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ទី២៖ ការលើកកម្ពស់ការអប់រំរបស់ស្ត្រីនិងក្មេងស្រី ទី៣៖ ការលើកកម្ពស់សុខភាពរបស់ស្ត្រីនិងក្មេងស្រី ទី៤៖ កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី ទី៥៖ ការលើកកម្ពស់ស្ត្រីនិងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច ទី៦៖ បញ្ជ្រាបយេនឌ័រក្នុងកម្មវិធីប្រែប្រួលអាកាសធាតុ ។
លោកបញ្ជាក់ថា ការជំរុញឱ្យស្ត្រី និងយុវតីកម្ពុជាផ្សាភ្ជាប់ ជាមួយបច្ចេកវិទ្យាឌីជីលនេះគឺនឹងផ្តល់អត្ថប្រយោជន៍ និងផលភាគចេញពីការអភិវឌ្ឍដែលបច្ចេកវិទ្យាឌីជីថលជាស្នូលសម្រាប់កម្ពុជា សិទ្ធិនារី ត្រូវបានរដ្ឋាភិបាលកម្ពុជាតាំងពីក្រោយការរំដោះ៧មករា ឆ្នា១៩៧៩មក បានបន្តយកចិត្តទុកដាក់ខ្ពស់ជាបន្តបន្ទាប់រហូតដល់អាណត្តិទី៧នេះខណៈ ដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងអភិវឌ្ឍសង្គមដែលធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។ ដូចនេះរាល់សកម្មភាពកិច្ចការអាទិភាពត្រូវគិតគូរដល់ស្ត្រី បើមិនដូច្នេះទេផែនការសកម្មភាព ឬកម្មវិធីនយោបាយណាមួយមិនអាចឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងសម្រាប់ការអភិវឌ្ឍក្នុងសង្គមជាតិកម្ពុជានោះឡើយ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានជូនកន្រ្តកផ្កាអនុស្សាវរីយ៍ និងបានប្រគល់ថវិកាចំនួន១០លានរៀល និងសារុងចំនួន២០០សារុង ដែលជាអំណោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជូនដល់អភិបាលស្រុក និងតំណាងនារីទូទាំងស្រុក ដើម្បីចាត់ចែងចែកជូនបងប្អូននារី ដែលបានចូលរួមក្នុងឱកាសនេះផងដែរ។
លោក ស៊ិន វណ្ណវុឌ្ឍ បានថ្លែងនូវការអបអរសាទរចំពោះទិវានារីអន្តរជាតិខួបលើកទី១១៣ នៅពេលនេះ និងបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសណ្ដាន់ ដែលបានឧបត្ថម្ភថវិកាចំនួន១០លានរៀល និងសារុងចំនួន២០០ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ជូនដល់នារីក្នុងការរៀបចំកម្មវិធីនៅពេលនេះផងដែរ៕