(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្ដព្រះសីហនុ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បើកប្រតិបត្ដិការបង្ក្រាប នៅទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» មួយកន្លែង ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធជួញដូររក្សាទុកសម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ឃាត់មនុស្សចំនួន ៨៧នាក់ ស្រី៤៣នាក់ និងដកហូតថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនធំ។

ការចុះប្រតិបត្ដិការបង្ក្រាប នៅទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» ខាងលើនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្ដព្រះសីហនុ ព្រមទាំងមានការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ។

យោងតាមរបាយការណ៍ របស់ស្នងការនគរបាលខេត្ដព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផែនសន្តិសុខផ្ទៃក្នុង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០១៖៤៥នាទីព្រឹក បានឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយីម៉ៃទូ» (KTV &BAR) ១ទីតាំង ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ពាក់ព័ន្ធជួញដូររក្សាទុក សម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ឃាត់មនុស្សចំនួន ៨៧នាក់ ស្រី៤៣នាក់។

វត្ថុតាងចាប់យករួមមាន៖ ម្សៅសថ្លាសង្ស័យសារធាតុញៀន១១កញ្ចប់, ម្សៅក្រាមពណ៌សសង្ស័យ សារធាតុញៀន៧ដប, ដុំក្រាមពណ៌ស សង្ស័យសារធាតុញៀន២កញ្ចប់, ថ្នាំគ្រាប់សញ្ញា WY សង្ស័យសារធាតុញៀន ១គ្រាប់, សារធាតុរាវ (ទឹក) សង្ស័យសារធាតុញៀន៣៥ដប, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ និងពណ៌លឿង សង្ស័យសារធាតុញៀន៥ចំណិត, កញ្ចប់ចំរុះពណ៌សង្ស័យ សារធាតុញៀន១០កញ្ចប់, រុក្ខជាតិញៀន (កញ្ឆាក្រៀម)​ ២កញ្ចប់, ឧស្ម័នណាយទ្រីអុកសៃ (Nitrous oxide) បញ្ចូលក្នុងប៉េងប៉ោង៣បំពង, ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន, ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន៦ដប, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន៦គ្រឿង, សារធាតុផ្សំ (មិនច្បាស់) មួយចំនួន, សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន, ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, លិខិតឆ្លងដែន៥ក្បាល និងកាតរឹងមួយចំនួន។

បច្ចុប្បន្ន សមត្ថកិច្ចសាកសួរ ស្រាវជ្រាវបន្ត តាមនីតិវិធីច្បាប់៕