(ភ្នំពេញ)៖ លោក ហេង សំណាង ប្រធានក្រុមយុវជន សង្គមស៊ីវិល តាងនាមឲ្យថ្នាក់ដឹកនាំបណ្តុំអង្គការ សមាគមសង្គមស៊ីវិល អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងមហាជនទូទៅ សូមសម្តែងនូវការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលផ្លូវការ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នេះ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ ស្ទើរតែទាំងស្រុងក្នុងអាសនៈព្រឹទ្ធសភា

ខណៈដែលការបោះឆ្នោតព្រឹទ្ធសភាបានបិទបញ្ចប់ ប្រកបដោយភាពរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងអនុវត្តតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងយុត្តិធម៌។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកលដែលមានសមាជិកសមាជិការដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ ការបោះឆ្នោតនេះ គឺបានអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដោយបានរៀបចំការបោះឆ្នោតសកល និងអសកលជាទៀងទាត់ស្របតាមច្បាប់ជាធរមាន។

ខណៈដែលសុខសន្តិភាពនេះហើយ គឺជាមូលដ្ឋានគ្រឹះធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។

បណ្តុំអង្គការ សមាគម សង្គមស៊ីវិលនានា ជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ។ ពិសេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនទៀតដូចនេះ ប្រទេសកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិមានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ និងឥតឈប់ឈរ៕