(ភ្នំពេញ)៖ អ្នកសារព័ត៌មានមកពី ២០ស្ថាប័ន បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការ ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន នៅកម្ពុជា» នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដែលរៀបចំដោយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (CBC) សហការជាមួយក្លិបអ្នកកាសែតកម្ពុជា ដើម្បីស្វែងយល់អំពីតួនាទី និងប្រតិបត្តិការរបស់ការិយាល័យឥណទាន។

វាគ្មិនដែលនឹងចូលរួម និងធ្វើបទបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន៖ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC), លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការនៃ CBC, លោក ផៃ សុផល នាយកសេវាអតិថិជន, អ្នកស្រី ស៊ីសុវត្ថិ រស្មី នាយិកាអភិវឌ្ឍន៍អាជីវកម្ម, និងអ្នកស្រី ស៊្រី បុប្ផារ័ត្ន ប្រធានផ្នែកស្រាវជ្រាវ និងភាពជាដៃគូ។

គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច បានស្វែងយល់អំពីតួនាទី និងប្រតិបត្តិការរបស់ការិយាល័យឥណទាន ជាពិសេសការរួមចំណែករបស់ស្ថាប័ននេះក្នុង វិស័យហិរញ្ញវត្ថុនៅកម្ពុជា។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកសារព័ត៌មាន នឹងទទួលបាននូវចំណេះដឹងច្បាស់លាស់ ទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវ ក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទាន ជាមួយលក្ខខណ្ឌសមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជា ការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួន ពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទាន មានភាពមិនប្រក្រតី។

ក្លិបអ្នកកាសែតកម្ពុជាចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច ដោយនឹងទទួលបាននូវចំណេះដឹងបន្ថែម អំពីការអភិវឌ្ឍវិស័យធនាគារ ហិរញ្ញវត្ថុ សំខាន់វាក្យស័ព្ទដែលត្រូវប្រើក្នុងវិស័យនេះ ហើយដែលសំខាន់ជាងនេះទៀតនោះ គឺអ្វីទៅជា CBC? រួមទាំងការយល់ដឹងអំពីដំណើរការទីផ្សារឥណទាន ដែលត្រឹមត្រូវមានតម្លាភាព ហើយអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕