(ភ្នំពេញ)៖ អនុសេនីយ៍ឯក ជា ម៉ៅ ជាមេបញ្ជាការរង កងអនុសេនាធំទី២ កងវីរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹង ខេត្តកោះកុង ចេញវិដេអូទទួលស្គាល់កំហុស និងសូមទោសចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ចំពោះការប្រើពាក្យសម្តីមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ និងមានការភាន់ច្រឡំដល់មហាជន។

ការចេញវិដេអូសូមទោសចំពោះថ្នាក់ដឹកនាំកំពូលៗខាងលើនេះ ធ្វើឡើងបន្ទាប់ពីរូបលោកកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ បានប្រើប្រាស់បណ្តាញសង្គមដោយនិយាយពាក្យមិនសមរម្យថា ប្លង់ធ្លាក់ពីលើមេឃក្របយកអស់។

លោកអនុសេនីយ៍ឯក ជា ម៉ៅ ចេញវិដេអូដោយរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមធ្វើការសុំទោស ដល់សម្តេចអគ្គមហាសេនាបតីតេជោ, សម្តេចបវរធិបតី, សម្តេចពិជ័យសេនា, ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ, ឯកឧត្តម អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក, ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៣, លោកជំទាវអភិបាលខេត្ត នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ដែលរងផលប៉ះពាល់ នូវការបង្ហោះរូបភាព និងសំឡេង។ ខ្ញុំបាទ ពិតជាមានការខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ដែលមិនគួរអនុគ្រោះ ដែលធ្វើឲ្យមានការភាន់ច្រឡំដល់សង្គម និងធ្វើឲ្យបាត់បង់កិត្តិយសកងយោធពលខេមរភូមិន្ទ និងតំបន់សឹករងកោះកុង ពិសេសសម្តេច និងថ្នាក់ដឹកនាំ ដូចបានជម្រាបខាងលើ ក្នុងពេលអាជ្ញាធរខេត្តកំពុងដោះស្រាយក្តីវិវាទនេះ។ ខ្ញុំបាទ សូមធ្វើការប្តេជ្ញាចិត្តថានឹងលែងឲ្យមានបញ្ហានេះជាលើកទី២ ទៀតទេ។ ជាចុងបញ្ចប់ ខ្ញុំបាទសូមសម្តេច ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាទទួលយកនូវការសុំទោសជាសាធារណៈរបស់ខ្ញុំបាទ»

សូមទស្សនាវិដេអូរបស់លោកអនុសេនីយ៍ឯក ជា ម៉ៅ ថ្លែងសូមទោសថ្នាក់ដឹកនាំ៖