(ភ្នំពេញ)៖ ក្រុមហ៊ុនជាង ៤០០មកពី ២៣ ប្រទេស រួមមានប្រទេសចិន ឥណ្ឌា ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និងសិង្ហបុរី នឹងដាក់តាំងបង្ហាញផលិតផល នៅក្នុងពិព័រណ៍ខេមបៀល២០១៦ នៅសប្តាហ៍ក្រោយនេះ។ ពិព័រណ៍ខេមបៀល ២០១៦ គឺជាពិព័រណ៍ សំណង់អគារ ការរចនាប្លង់ រួមជាមួយគ្រឿងម៉ាស៊ីន មេកានិក និងអគ្គិសនី ដ៏ធំបំផុត ហើយ ព័រណ៍ឆ្នាំនេះនឹងផ្តោតជាពិសេសទៅ លើថាមពលបៃតង ដែលជា មធ្យោបាយមួយ ក្នុងការកាត់បន្ថយនូវកាកសំណល់ បង្កើនប្រសិទ្ធិភាព កាត់បន្ថយថាមពល និងសម្ភារៈកកើតឡើងវិញ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក Andrew Siow អគ្គនាយកនៃក្រុមហ៊ុន AMB TARSUS EVENTS GROUP បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំធ្វើនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក Andrew Siow អគ្គនាយកនៃក្រុមហ៊ុន AMB TARSUS EVENTS GROUP ដែលជាអ្នករៀបចំពិព័រណ៍ខេមបៀល បានឲ្យដឹងថា « ពួកយើងលើកទឹកចិត្តជាពិសេសសម្រាប់វត្តមានរាល់អ្នកអភិវឌ្ឍ គម្រោង ស្ថាបត្យករ ក្រុមអ្នករចនា អ្នកម៉ៅការ ទីប្រឹក្សាផ្នែកគ្រឿងម៉ាស៊ីន និងអគ្គិសនី វិស្វករ អ្នកគ្រប់គ្រងផ្នែកគ្រឿងបរិក្ខារសំណង់ អ្នកចែកចាយនិងនាំចូល ក្នុងការចូលរួមទស្សនា ពិព័រណ៍មួយនេះដែលជាកន្លែង ស្វែងរកប្រភពអ្នកផ្គត់ផ្គង់ ថ្មីៗ ទទួលបាននូវគំនិត ក៏ដូចជាការបង្កើតថ្មីដើម្បីអភិវឌ្ឍគុណភាព ផលិតភាព និងការបង្កើតប្រាក់ចំណេញ។ ពិសេសលើសពីនេះ ទៅទៀតភ្ញៀវទស្សនាអាចជួបជជែកជាមួយ នឹងអ្នកឯកទេសលើវិស័យ និងចូលរួមក្នុងសិក្ខាសាលាដោយឥតគិតថ្លៃ»។
ការដាក់តាំងបង្ហាញនៅពិព័រណ៍ខេមបៀល២០១៦ រួមមានផលិតផល ដូចជា ស៊ីម៉ង់ បំពង់ទីបជ័រ ឥតការ៉ូ ប្រព័ន្ធអគ្គិសនី គ្រឿងចក្រសំណង់ បរិក្ខារផ្ទះបាយ និងបន្ទប់ទឹក សូត្របិទជញ្ជាំង ថ្នាំលាបព័រ ប្រព័ន្ធទឹកក្តៅ និងត្រជាក់ ដំបូល hardware កណ្តឹងអគ្គិភ័យ និងប្រព័ន្ធគ្រប់គ្រងអគារ ពិតាន ប្រព័ន្ធតម្លើងអគ្គិសនី បន្ទះអាលុយមីញ៉ូម បង្អួច ទ្វារ កម្រាល sealants ប្រព័ន្ធបន្សុទ្ធទឹក ទុយយោបូមទឹក សោរ ប្រព័ន្ធសុវត្ថិភាព ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបន្សុទ្ធខ្យល់ និងផលិតផលដទៃជាច្រើនទៀត។
គួរបញ្ជាក់ថា ព័រណ៍ខេមបៀល មានការសហការរៀបចំដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈស្ថាបត្យករ ក្រសួងពាណិជ្ជកម្ម អាជ្ញាធរអគ្គិសនីកម្ពុជា រដ្ឋាករស្វយ័តក្រុងភ្នំពេញ និង សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា។ពិព័រណ៍ខាងលើនេះ នឹងបើកឲ្យមានអ្នកចូលរួមទស្សនា ចាប់ពីម៉ោង ៩៖០០ ព្រឹក រហូតដល់ម៉ោង ៦៖០០ ល្ងាច រៀងរាល់ថ្ងៃ ដោយឥតគិតថ្លៃ លើការចុះឈ្មោះ និងមានអាយុលើស ១៨ឆ្នាំ៕