(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំរៀបពិធីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ក្នុងឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលជាមូលបទមួយ មានគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការ វិវឌ្ឍរបស់សេដ្ឋកិច្ច-សង្គម ស្របទៅនឹងចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា។

លោកអភិបាលរាជធានីភ្នំពេញ បានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជានិច្ចកាល តែងគាំទ្រលើកកម្ពស់ និងជំរុញនារីកម្ពុជា ឲ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិ មាតុភូមិ តាមរយៈការបង្កើនចំនួនស្ត្រីជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងមុខតំណែងជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងមន្ទីរ-អង្គភាពគ្រប់លំដាប់ថ្នាក់។

នារីក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ បានសហការចូលរួម ជ្រោមជ្រែងបំពេញភារកិច្ចជូនជាតិមាតុភូមិពី ដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេសការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ដោយមិនខ្លាច នឿយហត់ និងបានចូលរួមចំណែកជាច្រើនក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍរាជធានីភ្នំពេញ រហូតទទួលបានជោគជ័យយ៉ាងធំធេងជាបន្តបន្ទាប់។

បើតាមលោក ឃួង ស្រេង, បច្ចុប្បន្ននេះ នារីនៅតែជាដៃគូរមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមចំណែកលើកកម្ពស់សិទ្ធិនារី និងកុមារយ៉ាងសំខាន់ ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការយកចិត្ត ទុកដាក់លើទុរគតជន-ក្មេងកំព្រា និងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។

នៅសាលារាជធានីភ្នំពេញ មានមន្ត្រីរាជការក្របខ័ណ្ឌសរុបចំនួន២៩៧រូប ក្នុងនោះ៖ នារីមាន ចំនួន១០៣រូប ស្មើនឹង៣៤,៧% កំពុងកាន់មុខតំណែងជាសមាជិកាក្រុមប្រឹក្សារាជធានី អភិបាលរងរាជធានី នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព និងថ្នាក់ការិយាល័យ ដោយបានបំពេញការងារ និងទទួលខុសត្រូវលើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ យ៉ាងសកម្មបំផុត។

សូមជម្រាបថា នារីបម្រើការងារនៅសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ, នៅមន្ទីរបក្សរាជធានី និងនៅសាលារាជធានី សរុបចំនួន២៦៥នាក់ ដែលចូលរួមក្នុងកម្មវិធីនេះ ទទួលបានប្រាក់ឧបត្ថមពីលោក ឃួង ស្រេង អភិបាលរាជធានី ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល៕