(កណ្តាល)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានក្រើនរំលឹកដល់កងទ័ពត្រូវបន្តចូលរួមថែរក្សាសន្តិភាព គាំទ្រអនុវត្តរាល់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងទប់ស្កាត់រាល់ឧបាយកលបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិឱ្យបានជាដាច់ខាត។

ការបន្តក្រើនរំលឹកបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ ជំនាន់ទី២ ឆ្នាំ២០២៣ នៅសាលាបំភ័ន្តអក្ខរៈ ស្ថិតនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានពាំនាំនូវការសួរសុខទុក្ខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃទីចាត់ការ និងសាលាបំភ័ន្តអក្ខរៈ អគ្គបញ្ជាការដ្ឋាន ជាពិសេសសិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ ជំនាន់ទី២ ឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សូមកោតសរសើរដ៏ស្មោះចំពោះថ្នាក់ដឹកនាំទីចាត់ការ និងសាលាបំភ័ន្តអក្ខរៈ ព្រមទាំងបណ្តាស្ថាប័នដែលមានការពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ពង្រឹងពង្រីកស្ថាប័នបំភ័ន្តអក្ខរៈ ឆ្លើយតបទៅនឹងសេចក្តីត្រូវការលើការការពារសម្ងាត់ព័ត៌មានយោធា ដើម្បីបម្រើឱ្យរាល់សកម្មភាព និងការទំនាក់ទំនងទាំងឡាយក្នុងកងទ័ព ជាពិសេសសកម្មភាពនៃប្រតិបត្តិការរបស់បណ្តាកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ បានបន្តថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ ជំនាន់ទី២ ឆ្នាំ២០២៣ គឺជាការកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទ ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញ ភារកិច្ចក្នុងកិច្ចការងារការពារសម្ងាត់ព័ត៌មានយោធា ជាពិសេសឱ្យមានសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។

បន្ថែមពីនេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានណែនាំដល់កងទ័ពត្រូវខិតខំពង្រឹងកសាងសមត្ថភាព និងកាយសម្បទារបស់យោធិនម្នាក់ៗ ព្រមទាំងអប់រំ សតិអារម្មណ៍ឱ្យយោធិនទាំងអស់មានការគោរពវិន័យ គោរពបទបញ្ជា គោរពច្បាប់របស់រដ្ឋ ជាពិសេសស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ចំពោះមេបញ្ជាការគ្រប់ថ្នាក់ ហើយត្រូវប្រឆាំងរាល់ ឧបាយកលគ្រប់បែបយ៉ាងរបស់ពួកអគតិ និងជ្រុលនិយម ដែលបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិ។

នាយឧត្តមសេនីយ៍ បានបន្ថែមថា កងទ័ពត្រូវលើកកម្ពស់ស្មារតី គោរពបទបញ្ជា វិន័យ និង សីលធម៌ សេចក្តីថ្លៃថ្នូរឱ្យសាកសមជាយោធិន នៃកងយោធពលខេមរភូមិន្ទ ហើយត្រូវខិតខំរៀនសូត្របន្តពីរៀមច្បង និងជៀសឱ្យផុតពីគ្រឿងញៀន និងមិនធ្វើអ្វីដែលខុសពីច្បាប់ លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ហើយទោះបីការរៀនសូត្របានបញ្ចប់វគ្គរួចហើយ តែក៏ត្រូវខិតខំស្វែងយល់រៀនសូត្របន្តទៀតដោយខ្លួនឯង ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនបន្ថែមទៀត។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា កងទ័ពត្រូវខិតខំបំពេញភារកិច្ចតាមជំនាញរៀងៗខ្លួន ហើយត្រូវស្រឡាញ់ជំនាញ និងតួនាទីរបស់ខ្លួន មានស្មារតីច្នៃប្រឌិត ថែរក្សា គ្រប់គ្រងឯកសារសម្ភារជំនាញជៀសវាងការបាត់បង់ និងត្រូវរក្សាការសម្ងាត់ឱ្យបានជាដាច់ខាត ព្រមទាំងការបញ្ជូនរាល់សារទូរលេខនានាឱ្យបានទាន់ពេលវេលា ពីព្រោះថាការរក្សាបានការសម្ងាត់ និងការបញ្ជូនសារឱ្យទាន់ពេលវេលាក៏ជាកត្តារួម ចំណែកទទួលបានជ័យជំនះគ្រប់ភារកិច្ច៕