(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ ល្បែងភ្នាល់អនឡាញ និងឆ្នោតកន្ទុយលេខ ដែលជាល្បែងស៊ីសងខុសច្បាប់តាម Facebook ប្រព័ន្ធតេលេក្រាម និងបណ្តាញសង្គមយូធូប (Youtube) ចំនួន២១ទំព័រ ដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង។

Facebook, ប្រព័ន្ធតេលេក្រាម និង Youtube ទាំង២១ រួមមាន៖ ១៖ Flyzz News, ២៖ Aa2888 Official, ៣៖ Vivendo a vida, ៤៖ Xylophone Marketing, ៥៖ ពិភពបាល់ទាត់ និងហ្គេមកាស៊ីណូ, ៦៖ VVIP CAM, ៧៖ Fa Fa Galaxy7 ជាហ្គេមអនឡាញល្បីនៅអាស៊ី, ៨៖ FAFA365-khcs ៩៖ FAFAJOKER_Official, ១០៖ SBC369-Agency 1, ១១៖ FAFA666, ១២៖ បាល់ SBC 369, ១៣៖ ទទួលយកបទពិសោធ៌កំសាន្តដោយទំនុកចិត្ត, ១៤៖ Admin 500, ១៥៖ Les chevreuils, ១៦៖ 99comboo, ១៧៖ Afb883 Asia, ១៨៖ Wattana Nin, ១៩៖ K88, ២០HB88kh - Cambodia Most Trusted និង ២១៖ ផ្ទះ ឆ្នោត។

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចាត់ទុកថា ការផ្សព្វផ្សាយនេះ បានបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់។

អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចៀសវាងការចូលរួមលេង ឬចូលរួមសកម្មភាព ក្នុងដំណេីរការល្បែងស៊ីសងខុសច្បាប់ខាងលេីនេះ និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពង្រឹងការតាមដាន និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ខាងលេីនេះតាមនីតិវិធីច្បាប់ជាធរមាន៕