អង្គការសុខភាពពិភពលោក (WHO) អំពាវនាវឲ្យចេញយុទ្ធនាការ អប់រំទ្រង់ទ្រាយធំ ស្តីពីកិច្ចការពារការឆ្លងវីរុស Zika
02-09-2016 17:53
(ម៉ានីល)៖ អ្នកនាំពាក្យអង្គការសុខភាពពិភពលោក បានថ្លែងថា អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានរៀបចំយុទ្ធនាការធំមួយ ក្នុងគោលបំណងបង្ហាត់បង្រៀនជាសាធារណៈ នូវវិធីសាស្រ្តទប់ស្កាត់វីរុស Zika ដែលបង្កឡើងដោយសត្វមូស មិនឲ្យរីករាលដាលទៀតបាន។ នេះបើតាមការចេញផ្សាយដោយ ភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦។
លោក Eloi Yao មន្រ្តីព័ត៌មានសាធារណៈ ប្រចាំតំបន់របស់ WHO បានប្រាប់ឲ្យដឹងថា វីរុសនេះពុំទាន់មាន ថ្នាំបង្កានៅឡើយទេ ហើយវាកំពុងតែរីករាលដាល យ៉ាងលឿនពីព្រោះ ភ្នាក់ងារចម្លង ដែលជាសត្វមូស មានវត្តមានគ្រប់ទីកន្លែង។ ដោយហេតុនេះហើយ វិធីដែលល្អបំផុតដើម្បីទប់ស្កាត់ ការរីករាលដាលនៃវីរុសនេះ គឺត្រូវការពារកុំឲ្យសត្វមូសខាំ និងកម្ចាត់រាល់ជំរករបស់ពួកវា ជាពិសេសត្រូវធានាថា ស្រ្តីមានផ្ទៃពោះទទួលបាន ព័ត៌មានគ្រប់គ្រាន់អំពី ផលប៉ះពាល់នៃវីរុសនេះ។
ភ័ស្តុតាងដែលបានពីករណីមុនៗ នៃការឆ្លងវីរុសនេះបង្ហាញថា វីរុស Zika អាចឆ្លងពីប្រទេសមួយ ទៅកាន់ប្រទេស មួយទៀត ហើយបង្កើតបណ្តាញចម្លងថ្មីនៅទីនោះបាន។ លោក Eloi Yao បានបន្ថែមថា យ៉ាងណាក៏ដោយលោក WHO នៅតែជឿជាក់ថាការឆ្លងនៃវីរុសនេះនៅតែបន្ត ហើយគាត់បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នជាប់ជានិច្ច និងស្នើសុំរដ្ឋាភិបាល នានាគួរតែដាក់ប្រព័ន្ធតាមដាន សុវត្ថិភាពពិនិត្យរកករណី ឆ្លងនៃមេរោគនេះ និងតែនៅបន្តរការកម្ចាត់ភ្នាក់ងារចម្លងសត្វមូស។
ជាចុងបញ្ចប់មន្រ្តីរបស់អង្គការសុខភាព ពិភពលោករូបនេះ បានបញ្ជាក់ជាចុងក្រោយថា «អ្វីដែលសំខាន់ជាងគេបំផុតនោះគឺព័ត៌មាន»៕