(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ ប្រមាណជិត២,០០០នាក់ នៃមន្ទីរ-អង្គភាពជុំវិញខេត្ត។
នាយករដ្ឋបាលសាលាខេត្តកំពង់ចាម លោក ឃន ប្រុស បានថ្លែងថា ដោយអនុវត្តតាមបទបញ្ជាលេខ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបញ្ជាក់ថា ថ្ងៃនេះរដ្ឋបាលខេត្ត បានរៀបចំធ្វើតេស្តដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត។
លោកបានបន្ដថា មានមន្ត្រីរាជការ តាមមន្ទីរ អង្គភាព ក្នុងខេត្តកំពង់ចាម រួមមានសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន១,៩៦៧នាក់ ស្រី៧៣៧នាក់ មកពី៣៥មន្ទីរអង្គភាព ដែលត្រូវធ្វើតេស្តរកសារធាតុញៀន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ដោយបែងចែកជា ២វេន (ព្រឹក-ល្ងាច)។
សូមជម្រាបថា អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឲ្យដឹងថា នៅជំហានដំបូងនេះ រដ្ឋបាលខេត្តបានទទួលឧបករណ៍សម្រាប់ធ្វើតេស្តចំនួន៥,០០០ឧបករណ៍ ដូច្នេះត្រូវបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន ទៅលើមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកភូមិ និងដំណាក់កាលទី២ និងឈានទៅដល់ការធ្វើតេស្តក្រុមគ្រូបង្រៀន និងក្រុមគ្រូពេទ្យ សរុបទាំងអស់ប្រមាណ២ម៉ឺននាក់។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា មន្ត្រីរាជការក្នុងខេត្ត ត្រូវតែចូលរួមធ្វើតេស្តទាំងអស់គ្នា ដើម្បីបញ្ជាក់ នូវភាពស្អាតស្អំ ភាពត្រឹមត្រូវ ក៏ដូចជាបញ្ជាក់ពីការចូលរួមគាំទ្រយុទ្ធនាការនេះផងដែរ ដើម្បីអនុវត្តទៅទទួលបានជោគជ័យ៕