(ភ្នំពេញ)៖ ដោយទទួលបានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងប្រធានភូមិបាលខណ្ឌ ចុះចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដែររស់នៅលេីដីមិនស្របនៅភូមិសំរោងត្បូង ឲ្យរស់នៅលេីដីដែលស្របច្បាប់ដែររដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំជូនពួកគាត់។ ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីស្របច្បាប់ ដែលរដ្ឋបាលខណ្ឌព្រែកព្នៅ ចុះចែកជូនប្រជាពលរដ្ឋនៅភូមិសំរោងត្បូង សង្កាត់សំរោង ចំនួនសរុប២៦គ្រួសារ។
ថ្លែងនៅក្នុងកម្មវីធីចែកប័ណ្ណកម្មសិទ្ធិ លោក ធឹម សំអាន បានអំពាវនាវដល់ប្រជាពលរដ្ឋដែររស់នៅតាមបណ្ដោយផ្លូវ១៥១ លេីដីកម្មសិទ្ធិរដ្ឋ ចំនួនប្រមាណ៧០គ្រួសារ សុំមកទទួលយកដី ដែលខាងរដ្ឋបាលរាជធានី និងរដ្ឋបាលខណ្ឌ រៀបចំជូនពួកគាត់ដោយក្នុងមួយគ្រួសារ ទទួលបានដីចំនួន១ឡូតិ៍ ទំហំ៤ម៉ែត្រកន្លះ គុណ១៨ម៉ែត្រ មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ។
លោកអភិបាលខណ្ឌបន្តថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ១៥១នោះ មិនមានលិខិតស្នាមបញ្ជាក់ ពីកម្មសិទ្ធិឡេីយ ដោយដីពួកគាត់កំពុងរស់នៅនោះជាដីកម្មសិទ្ធិរបស់រដ្ឋ។ ចំណែកនៅផ្នែកខាងក្រោយផ្ទះពួកគាត់រស់នៅនោះ គឺជាដីកម្មសិទ្ធិឯកជន ដែលម្ចាស់មានលិខិតស្នាមបញ្ជាក់ច្បាស់លាស់។
នៅតាមបណ្ដោយផ្លូវ១៥១នោះ សាលារាជធានីភ្នំពេញ គ្រោងដាក់ផែនការអភិវឌ្ឍន៍ផ្លូវនោះ ឲ្យធំមានទំហំរហូតទៅដល់៥០ម៉ែត្រ ដល់ពេលនោះប្រាកដជាប៉ះពាល់ដល់លំនៅឋានពួកគាត់រស់នៅលេីដីកម្មសិទ្ធិរដ្ឋ។ ដោយមានការយកចិត្តទុកដាក់ពីសាលារាជធានីភ្នំពេញ និងរដ្ឋបាលរាជខណ្ឌ បានរៀបចំដីដោះដូរជូនពួកគាត់ ដោយមានប្រជាពលរដ្ឋជាច្រើនគ្រួសារបានព្រមទទួលយក និងប្រជាពលរដ្ឋមួយចំនួនទៀតនៅតែប្រឆាំងមិនព្រមរុះរើចេញ។