(ភ្នំពេញ)៖ មហាវិទ្យាល័យ នៅប្រទេសជប៉ុន មួយឈ្មោះ «Komatus» បានបំណងផ្ទេរបច្ចេកវិទ្យា និងបទពិសោធន៍ នៃការស្រាវជ្រោវអំពីបរិស្ថាន សម្រាប់ការងារអភិរក្ស និងការអភិវឌ្ឍវិស័យទេសចរណ៍ មកសិស្សកម្ពុជា ក្នុងតំបន់អង្គរ។
ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធី អនុស្សារណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិអប្សរា ជាមួយមហាវិទ្យាល័យ Komatus នៃប្រទេសជប៉ុន ស្ដី «កម្មវិធីកសាងសមត្ថភាព របស់និស្សិត និងបុគ្គលិកវ័យក្មេង នៅតំបន់បេតិកភណ្ឌពិភពលោកអង្គរ» នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ ពិធីនេះមានការចូលរួមពីលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកសាស្ត្រាចារ្យ NAGANO Isamu តំណាងមហាវិទ្យាល័យ Komatus នៃប្រទេសជប៉ុន រួមទាំងសាស្ត្រាចារ្យ និស្សិត នៃមហាវិទ្យាល័យ Komatus ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត ផងដែរ។
អនុស្សារណៈ នៃការយោគយល់គ្នានេះ គឺផ្តោតទៅលើកិច្ចសហប្រតិបត្តិ ជាលើកដំបូងលើការកសាងសមត្ថភាពរបស់និស្សិត និងបុគ្គលិកវ័យក្មេង របស់មហាវិទ្យាល័យ Komatus នៅលើទឹកដីអង្គរ ដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីរបស់កម្ពុជា ហើយនិស្សិតទាំងអស់នឹងរៀនអំពីបច្ចេកទេស និងបទពិសោធន៍មួយចំនួន ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តដោយជោគជ័យ ក្នុងការគ្រប់គ្រង និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សង្ឃឹមថានឹងទទួលបាន បទពិសោធន៍ថ្មីបន្ថែមទៀត ពីប្រទេសជប៉ុន លើការអភិវឌ្ឍសមត្ថភាព មន្ត្រីបុគ្គលិក ដើម្បីថែរក្សាឱ្យគង់វង្ស នូវតម្លៃជាសកល នៃបេតិកភណ្ ឌតំបន់អង្គរដ៏ឆ្នើម ជាមួយនឹងការអភរិក្សបរិស្ថានធម្មជាតិ និងសហគមន៍ប្រកបដោយចីរភាព ហើយអាជ្ញាធរជាតិអប្សរា ក៏ត្រូវចែករំលែកបទពិសោធន៍របស់ខ្លួន ដែលធ្លាប់ទទួលជោគជ័យ ជាបន្តបន្ទាប់ទៅកាន់ភាគីជប៉ុនវិញដែរ។
គួរបញ្ជាក់ផងដែរថា មហាវិទ្យល័យ Komatus ជាសាលាឯកជនដ៏ល្បីមួយ មានទីតាំងស្ថិតនៅក្នុងទីក្រុង Komatus តាមបណ្តោយឆ្នេរនៃសមុទ្រជប៉ុន។ ទីក្រុងនេះត្រូវ បានអភិវឌ្ឍន៍ ដោយមានការតភ្ជាប់ទំនាក់ទំនងវប្បធម៌ ជាមួយទីក្រុង Kanazawa ដែលជាផ្នែកមួយ នៃវប្បធម៌តំបន់កណ្តាលរបស់ប្រទេសជប៉ុន ចន្លោះសតវត្សទី១៧ ដល់១៩។
បេតិកភណ្ឌដែលសាងសង់ពីថ្មជាច្រើននៃទីក្រុង Komatus មានដូចជា បន្ទាយ ប្រឡាយ និងស្ពានជាដើម ត្រូវបានសាងសង់ដោយប្រើប្រាស់ការដ្ឋាន យកថ្មដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុន។ ក្នុងទីក្រុងនេះដែរ ក៏មានព្រលានយន្តហោះអន្តរជាតិ និងការតភ្ជាប់ នៃបណ្តាញរថភ្លើងល្បឿនលឿន (Shinkansen) ដែលភ្ជាប់ពីទីក្រុង Kanazawa ដោយផ្ទាល់ជាមួយនឹងក្រុងតូក្យូ ជាហេតុធ្វើឲ្យចំនួនទេសចរ កាន់ដែលមកទស្សនាទីក្រុងនេះ មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់។
ម្យ៉ាងទៀត ទីក្រុងនេះក៏ជាកន្លែងកំណើតរបស់ក្រុមហ៊ុនKamatsu Ltd ដែលជាក្រុមហ៊ុន ផលិតគ្រឿងចក្រដ៏ធំលើពិភពលោកផងដែរ ចំពោះទំនាក់ទំនងជាមួយអាជ្ញាធរជាតិអប្សរាវិញ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មហាវិទ្យាល័យ Kamatsu ក៏បានបញ្ជូននិស្សិត និងបុគ្គលិកវ័យក្មេងរបស់ខ្លួនចុះមកធ្វើកម្មសិក្សា នៅតំបន់រមណីយដ្ឋានអង្គរជាបន្តបន្ទាប់ ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ Kanazawa៕