(ភ្នំពេញ)៖ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមដង្ហែក្បួនអបអរសាទរខណ្ឌដូនពេញ ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ នៅតាមបណ្តោយផ្លូវមាត់ទន្លេព្រះស៊ីសុវត្ថិ ចាប់ពីមុខព្រះបរមរាជវាំង មកដល់រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ សរុបចំនួនប្រមាណ៣,៥០០នាក់។

គួរជម្រាបថា ក្រុងនិងខណ្ឌចំនួន៣របស់កម្ពុជា ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦ រួមមាន៖ ក្រុងកែប ក្រុងកំពត និងខណ្ឌដូនពេញ។

ពិធីប្រកាសជ័យលាភីខាងលើធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ៕