(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាសាធារណៈ ស្ដីពីការផ្សព្វផ្សាយកញ្ចប់ថវិកាជាតិ ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតិភាព លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងធនធានទឹក និងឧតុនិយម។

វេទិកានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងជម្រាបជូនដល់សាធារណៈជន ដៃគូអភិវឌ្ឍន៍៖ World Bank (WB), Asian Development Bank (ADB), French Development Agency (AFD), Japen International Cooperation Agency (JICA), International Monetary Fund (IMF) និងភាគីពាក់ព័ន្ធ។

លោក ចាន់ យុត្ថា បានបញ្ជាក់ថា វេទិកាសាធារណៈ ស្តីពីកញ្ចប់ថវិកាប្រចាំឆ្នាំ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលកំពុងត្រូវបានធ្វើការអភិវឌ្ឍ និងដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួនផងដែរ។

ទន្ទឹមគ្នានេះ លោក ចាន់ យុត្ថា បានបញ្ជាក់បន្ថែមថា នៅឆ្នាំនេះ ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងចាប់ផ្តើម ចុះកិច្ចព្រមព្រៀងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តថវិកាសមិទ្ធកម្មហើយ។

លោកបានលើកឡើងថា ពិតណាស់ការអនុវត្ដកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បាននឹងកំពុងធ្វើឲ្យការគ្រប់គ្រងចំណូលពិតណាស់ ការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បាននឹងកំពុងធ្វើ និងចំណាយកាន់តែល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

លើសពីនោះទៀត លោក ចាន់ យុត្ថា បានឲ្យដឹងថា ការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ បានឆ្លុះបញ្ចាំងឃើញពីភាពជឿទុកចិត្តលើថវិកា ពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងឈានមកដល់ដំណាក់កាលទី៤ គឺគណនេយ្យភាពសមិទ្ធកម្ម។

លោកសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីវេទិកាសាធារណៈ ស្តីពីការផ្សព្វផ្សាយ កញ្ចប់ថវិកាជាតិប្រចាំឆ្នាំ២០២៤នេះ នឹងជួយចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម ដើម្បីផ្ដល់ផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ចូលរួមឲ្យសម្រេចគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងលើកស្ទួយសមភាពយេនឌ័រផងដែរ ។

លោក ចាន់ យុត្ថា បានឲ្យដឹងទៀតថា ថវិកាឆ្នាំ២០២៤នេះ យកទៅអនុវត្តតាមកម្មវិធីទាំង៥ របស់ក្រសួងធនធានទឹក និងឧតុនិយម រួមមានដូចខាងក្រោម៖
១៖ បង្កើនប្រសិទ្ធភាពការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យធនធានទឹក
២៖ លើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រង និងកាត់បន្ថយទឹកជំនន់ គ្រោះរាំងស្ងួត
៣៖ បង្កើនប្រសិទ្ធភាពការការពារ និងការអភិរក្សវិស័យធនធានទឹក
៤៖ ពង្រឹងការគ្រប់គ្រងនវានុវត្តន៍លើព័ត៌មាន និងទិន្នន័យធនធានទឹក និងឧតុនិយម
៥៖ កិច្ចការរដ្ឋបាលទូទៅ។

លោកគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីទាំង៥នេះ គឺដើម្បីសម្រេចលទ្ធផល ដែលបានរំពឹងទុក និងបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋដូចខាងក្រោម៖
១៖ ធានាការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទ ដើម្បីបង្កើនចំណូល និងការងារជូនប្រជាកសិករតាមជនបទ។
២៖ រក្សានិរន្តរភាព និងបង្កើនការការពារផ្ទៃដីកសិកម្មដំណាំគ្រប់ប្រភេទ (រក្សាបានបរិមាណផលទិន្នផលស្រូវ) ការពារទ្រព្យសម្បត្តិសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ជាតិ។
៣៖ ធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងអភិរក្សអាងទន្លេបឹងបួរធម្មជាតិ។
៤៖ ព្យាករណ៍ និងផ្សព្វផ្សាយព័ត៌មានឲ្យបានទាន់ពេលវេលា និងកាន់តែមានសុក្រឹត្យភាពនូវស្ថានភាពជលសាស្ត្រ ស្ថានភាពឧតុនិយម និងទិន្នន័យប្រព័ន្ធធារាសាស្ត្រឲ្យមានលក្ខណៈត្រឹមត្រូវច្បាស់លាស់។
៥៖ ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងស្ថាប័នឲ្យបានល្អប្រសើរ៕