(ម៉ែលប៊ន, អូស្ត្រាលី)៖ ក្នុងជំនួបជាថ្មីនាព្រឹកថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ លើទឹកដីប្រទេសអូស្ត្រាលី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានបន្តពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។
ជាការចាប់ផ្តើមកិច្ចពិភាក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ផាម មិញជិញ បានស្វាគមន៍គ្នាប្រកបដោយភាពកក់ក្តៅ និងដោយក្តីសោមនស្សរីករាយ។ លោក ផាម មិញជិញ បានអបអរសាទរកម្ពុជាចំពោះជោគជ័យលើកការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក៏ដូចជាអបអរសាទរគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះលើការបោះឆ្នោត ដោយទទួលបាន៥៥អាសនៈ។
លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានផ្ដាំផ្ញើការសួរសុខទុកថ្វាយជូនព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងផ្ញើការសាកសួរសុខទុក្ខ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមួយចំនួនទៀតរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ដោយក្ដីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីវៀតណាមជាថ្មីម្ដងទៀត។ សម្តេចធិបតី ចាត់ទុកជំនួបពិភាក្សាជាការពង្រឹងកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នានាពេលកន្លងមក និងការបន្តពិភាក្សាលើកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតបន្ថែមទៀត។
សម្តេចធិបតី និងនាយករដ្ឋមន្ត្រីវៀតណាម បានពិភាក្សាគ្នាផ្តោតជាសំខាន់លើវិស័យគន្លឹះ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រវាងកម្ពុជា និងវៀតណាម ដែលរួមមានដូចជា៖ វិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញជាដើម។
ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការងារត្រីភាគី CLV, ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ថា ថ្ងៃខាងមុខ នឹងមានការរៀបចំកិច្ចប្រជុំកំពូល CLV លើកទី១២ ហើយបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នមួយចំនួនពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាក្នុងក្របខ័ណ្ឌ CLV បន្ថែមទៀត។
ដោយឡែកក្នុងវិស័យទេសចរណ៍ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពឱ្យក្រសួងទេសចរណ៍បង្កើនកិច្ចពិភាក្សាដើម្បីស្វែងរកឱកាសក្នុងការជំរុញកំណើនទេសចរណ៍ក្នុងប្រទេសទាំងបី។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាលើកិច្ចការមួយចំនួន ដែលជាផលប្រយោជន៍រួម សម្រាប់ប្រទេសកម្ពុជា និងប្រទេសវៀតណាមផងដែរ៕