(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ បានអំពាវនាវដល់កម្លាំងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនត្រូវបន្តពង្រឹង និងអភិវឌ្ឍន៍តំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ ចូលរួមថែរក្សាការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនដែលមានស្រាប់ និងបន្តយកចិត្តទុកដាក់លើការបង្កើត និងរក្សាតំបន់ប្រវត្តិសាស្ត្រយោធានៅតាមតំបន់ព្រំដែនដើម្បីពង្រឹងប្រៀបការពារជាតិឱ្យបានកាន់តែរឹងមាំ។

ការអំពាវនាវបែបនេះរបស់លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញអមដំណើរគណៈប្រតិភូគណៈកម្មការទី៤ និងគណៈកម្មការទី៥ នៃរដ្ឋសភា ដឹកនាំដោយលោក កែប ជុតិមា ប្រធានគណៈកម្មាការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (ទី៤) នៃរដ្ឋសភា បានចុះជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងជួមុខ ទិសប្រាសាទតាមាន់ តាក្របី នៅទីបញ្ជាការវរសេនាតូចលេខ៤២២ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤

នាកាសនោះដែរ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានរាយការណ៍ជូនប្រតិភូគណៈកម្មការទី៤ និងគណៈកម្មការទី៥ នៃរដ្ឋសភា អំពីវឌ្ឍនភាពការងារតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានលើកឡើងពីការរីកចម្រើនលើគ្រប់វិស័យទាំងនយោបាយ យោធា សេដ្ឋកិច្ច និងការទូត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕