(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៥០១នាក់ ដើម្បីពង្រឹងស្ថាបន័ ដែលជាយុទ្ធសាស្រ្តជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង ៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
មេរៀនក្នុងសប្តាហ៍នេះ ផ្តល់ចំណេះដឹង បទពិសោធន៍ជាក់ស្តែង ជាមួយឧទាហរណ៍នៃ ការប្រើប្រាស់នវានុវត្តន៍ដើម្បីធ្វើអោយកិច្ចការបម្រើ សេវាសាធារណៈ ពិសេសសេវាសុខាភិបាល កាន់តែបានគាប់ប្រសើរ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីដំណាក់កាលទាំង៤ នៃនវានុវត្តន៍ដែលរួមមាន ការវិនិច្ឆ័យរកបញ្ហា ការរៀបចំសេវា ការអនុវត្តន៍ និង ការវាយតំលៃតាមដានលទ្ធផល។ ការប្រើនវានុវត្តន៍នៅក្នុងការផ្តល់សេវាសុខាភិបាល នឹងធ្វើសេវាសាធារណៈកាន់តែមានប្រសិទ្ធិភាពនិងសក្តិសិទ្ធភាព សំដៅឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់ជូនគាត់នូវបទពិសោធន៍ល្អៗក្រោយពីទទួលបានសេវាពីគ្រឹះស្ថានសុខភាពសាធារណៈ។
ក្រៅពីការធ្វើបទបឋកថា លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានបង្ហាញពីប្រធានបទ ដែលបានជ្រើសរើសសម្រាប់ពិភាក្សានៅក្នុងសន្និបាតសុខាភិបាលលើកទី ៤៣ នាពេលខាងមុខនេះដែលរួមមាន៖ (១) ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង (២) ការលើកកម្ពស់សុខភាពមាតា និងទារក និងអាហាររូបត្ថម្ភ (៣) ការបង្ការ និងគ្រប់គ្រងនឹងជំងឺឆ្លង (៤)ការផ្ដល់សេវាថែទាំសុខភាពបឋម និង (៥) ការផ្ដល់សេវាថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែក។
លោកសាស្រ្តាចារ្យបានជំរុញឲ្យមន្រ្តីសុខាភិបាលទាំងអស់ចូលរួមលើកជាសំណួរឲ្យបានផុសផុលសំដៅប្រមែប្រមូលធាតុចូល សម្រាប់យកទៅពិចារណានៅក្នុងសន្និបាត ឬ សម្រាប់ប្រើប្រាស់នៅក្នុងការងារពង្រឹងវិស័យសុខាភិបាលនាពេលបច្ចុប្បន្នក៍ដូចជាក្នុងពេលអនាគត។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕