(ភ្នំពេញ)៖ រសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ បញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីប្រកាសថា ពុំដែលស្គាល់ឈ្មោះ ឌីជេខ្លា ជាអ្នកណានោះទេ ហើយអះអាងថា ឌីជេខ្លា នេះជាសមាជិកសកម្មរបស់ គណបក្សប្រឆាំងតាំងពីដើមរៀងមក នេះបើយោងតាមលិខិតរបស់បញ្ជាការដ្ឋានអង្គរក្ស ផ្ញើជូនវិទ្យុអាស៊ីសេរី ដែលអង្គភាព Fresh News ទើបទទួលមុននេះបន្តិច។
លិខិតរបស់បញ្ជាការដ្ឋានអង្គរក្ស បានរៀបរាប់ថា «ក្រោយពីមានបានស្តាប់បទសម្ភាសរវាងលោក ជុន ចាន់បុត្រ អ្នកសម្របសម្រួល វិទ្យុអាស៊ីសេរី ជាមួយនិង ឌី ជេខ្លា កាលពីយប់ថ្ងៃទី០១ ខែកញ្ញា ទាក់ទងនិងការចាកចេញពីគណបក្សប្រជាជន ទៅចូលគណបក្សសង្គ្រោះជាតិ ហើយបាននិយាយថា ខ្លួនជាកងអង្គរក្សសម្តេច តេជោទៀតផងនោះ។ ស្នងការបុគ្គលិក-បណ្តុះបណ្តាល នៃបញ្ជាការដ្ឋានអង្គរក្ស ចេញលិខិតបញ្ជាក់បដិសេធថា គ្មានឈ្មោះឌីជេខ្លា ក្នុងបញ្ជីក្របខណ្ឌ នៅក្នុងស្នងការ ឃោសនា-ព័ត៌មាន(ក៥) នៃបញ្ជាការដ្ឋានអង្គរក្សនោះទេ»។
ទីបញ្ជាការដ្ឋានអង្គរក្ស សូមបញ្ជាក់ទៅវិទ្យុអាស៊ីសេរីឲ្យបានជ្រាបថា ក្នុងកំឡុងឆ្នាំ២០១០ ឌីជេខ្លា ពិតជាបានទៅច្រៀងនៅទីលានប្រជាធិបតេយ្យ ក្បែរវត្តភ្នំ ក្នុងអាណត្តិទី៥ នៃការបោះឆ្នោតរាល់ខ្លឹមសារ ចំរៀងរបស់ឌីជេខ្លា ជាចំរៀងមាក់ងាយដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឌីដង ដល់ការដឹកនាំដ៏ស្របច្បាប់ របស់សម្តេចតេជោ ហ៊ុន សែន ទាំងនេះសបញ្ជាក់ឲ្យឃើញថា ឌីជេខ្លា គឺជាសមាជិកសកម្មរបស់ គណបក្សសង្គ្រោះជាតិយ៉ាងពិតប្រាកដតាំងពីដើមរៀងមក»៕