(ប៉ារីស)៖ នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋបារាំង នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ប្រ៊ុយណូ ហ្វូស (Bruno Fuchs) អគ្គប្រតិភូនៃសភានិយាយភាសាបារាំង (Assemblee Parliamentaire de la Francophonie-APF) និងសហការី ដែលអញ្ជើញមកពីប្រទេសផ្សេងៗគ្នានៃរដ្ឋសភានិយាយភាសាបារាំង។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើង អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្រោមក្របខណ្ឌនៃសភានិយាយភាសាបារាំង (APF) ក្នុងការជំរុញការទូតសភា ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការជំរុញសមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្រ្តី ការលើកកម្ពស់វិស័យវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
លោក ប្រ៊ុយណូ ហ្វូស បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយសំខាន់បំផុតក្នុងអាស៊ីអាគ្នេយ៍ នៅក្នុងការលើកកម្ពស់សភានិយាយភាសាបារំាង ក៏ដូចជាលើកកម្ពស់វិស័យការទូតសភាក្នុងការបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ឆ្លងតាមទស្សនៈនិងក្តីសង្ឃឹមរួមគ្នា យើងនឹងធ្វើការជាមួយគ្នាដើម្បីការអភិវឌ្ឍដោយចីរភាព។ APF គាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APF ព្រមទាំងបន្តការជួយគាំទ្រនិងបណ្តុះបណ្តាលភាសាបារាំងដល់មន្រ្តីសភាផងដែរ។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសនានាដែលជាស្ថាបនិកអង្គការប្រទេសនិយាយភាសាបារាំង ដែលបានបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ សមាជិកភាពរបស់កម្ពុជាពិតជាមានសារសំខាន់ និងមានទទួលខុសត្រូវក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យការងាររបស់ APF។
រដ្ឋសភាកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវក្របខណ្ឌការងារយុទ្ធសាស្រ្តរបស់ APF ឆ្នាំ២០២៣-២០៣០ ក្នុងនោះរួមមាន ការជំរុញការងារការទូតសភា ដើម្បីជំរុញអត្តសញ្ញាណ APF ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ការពង្រឹងនូវឯករាជ្យភាពនិងកិច្ចសហប្រតិបត្តិការ ការពង្រឹងនូវសមត្ថភាពក៏ដូចជាការផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំវ័យក្មេង និងការជំរុញការធ្វើសុខដុមនីយកម្មច្បាប់។
លោក ប្រ៊ុយណូ ហ្វូស បានរំលឹកពីព្រះគុណូបការៈថ្វាយព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានលះបង់ព្រះកាយពល ចូលរួមស្ថាបនាអង្គការបណ្តាប្រទេសនិយាយភាសាបារាំង។ លោកបានបញ្ជាក់ថា ទោះបីប្រទេសកម្ពុជាឬប្រទេសបារំាង និងបណ្តាប្រទេសផ្សេងទៀតដែលនិយាយភាសាបារាំងនៅឆ្ងាយពីគ្នាក្តី ប៉ុន្តែAPF មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នាជានិច្ច។ APF តែងតែរក្សាទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនិយាយភាសាបារាំង មិនថាប្រទេសតូចឬប្រទេសធំ ដែលនេះជាកម្លាំងចលករដ៏រឹងមាំមួយអាចឱ្យប្រទេសនៅក្នុងAPF ធ្វើការដោះស្រាយបញ្ហាប្រឈមរួមគ្នាបាន។ ជាក់ស្តែង ដូចជាពេលនេះ បារាំងជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីសកលលោក ដែលនិយាយអំពីការផ្តល់ភាពអង់អាចដល់ស្រ្តីនៅក្នុងវិស័យនយោបាយ ជាដើម។
ចាប់តាំងពីឆ្នាំ២០០២មក APF បានបង្កើតនូវបណ្តាញការងារដែលគិតគូរពីបញ្ហារបស់ស្រ្តី ព្រមទាំងបានដាក់ចេញនូវគំរូមួយចំនួន ដូចជាការងារអភិបាលកិច្ចល្អ សម្រាប់ប្រទេសជាសមាជិកយកទៅសិក្សានិងអនុវត្តតាមបរិបទនៃប្រទេសរៀងៗខ្លួន។ លោក ប្រ៊ុយណូ ហ្វូស បានបន្ថែមថា APFនិងកម្ពុជាអាចធ្វើការជាមួយគ្នាបន្ថែមទៀតទាក់ទងទៅនឹងគោលការណ៍នីតិរដ្ឋ ទិដ្ឋភាពមួយទៀតគឺការរៀបចំនូវក្របខណ្ឌរួមមួយដែលទាក់ទងទៅនឹងបញ្ហាប្រឈមស្រដៀងគ្នា តួយ៉ាងដូចជា បញ្ហាស្រ្តី ការប្រែប្រួលអាកាសធាតុ ការខ្ជះខ្ជាយចំណីអាហារ និងការបណ្តុះបណ្តាលធនធាន សុខាភិបាល ជាដើម។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានស្នើឱ្យ APF ជួយគាំទ្របន្ថែមទៀត នូវវិស័យសុខាភិបាលនៅកម្ពុជាក្នុងការធ្វើឱ្យសម្រេចនូវផែនការគ្របដណ្តប់សុខភាពជាសកលរបស់កម្ពុជា ជួយគាំទ្រដល់ការកសាងសមត្ថភាពស្ថាប័ននិងធនធានមនុស្ស ការធ្វើកំណែទម្រង់សាធារណៈ អភិបាលកិច្ចល្អនិងតម្លាភាព ព្រមទាំងការកសាងនិងពង្រឹងសភាឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិវឌ្ឍរបស់សង្គមក្នុងបរិបទឧស្សាហកម្ម ៤.០។
ជាមួយគ្នានេះដែរ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាស្ពានតភ្ជាប់វប្បធម៌និងប្រជាជននៃប្រទេសនិយាយភាសាបារាំង។ កម្ពុជាបានត្រៀមជាស្រេចនៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត ដោយផ្តោតទៅលើវប្បធម៌ ប្រជាជន សេដ្ឋកិច្ច និងការទូត៕