(ភ្នំពេញ)៖ ក្នុងការលើកកំពស់ដល់សុខមាលភាពប្រជាពលរដ្ឋតាមការចង្អុលបង្ហាញពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ មន្ត្រីជំនាញពាក់ព័ន្ធ ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្តសហការជាមួយកងពលតូចលេខ៧០ ក្នុងចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ សំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។

ការជំរុញបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលរងរាជធានី លោកស្នងការរាជធានី លោកមេបញ្ជាការអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១៤ និងប្រធានមន្ទីរ ព្រមទាំងមន្ត្រីពាក់ព័ន្ឋជុំវិញរាជធានីផងដែរ។

លោក ឃួង ស្រេង បានថ្លែងអំណរអរគុណចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធដែលបានលះបង់អស់កម្លាំងកាយចិត្តក្នុងការបម្រើភាពសុខសាន្តជូនប្រជាពលរដ្ឋ រហូតទទួលបាននូវការគោរពស្រឡាញ់ និងការជឿទុកចិត្តមកលើរាជរដ្ឋាភិបាលរបស់យើងរហូតមកដល់ពេលនេះ។ ប៉ុន្តែ លោកក៏បានជំរុញដល់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន បន្តចុះទប់ស្កាត់បង្ក្រាបក្មេងទំនើង ការបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងជាដើម។ ពិសេសឱ្យអាជ្ញាធរខណ្ឌ ចុះមើលទីតាំង នៅមុខសាលារៀន ភោជនីដ្ឋាន ឬកន្លែងអាជីវកម្មផ្សេងៗទៀត ខណៈអាណាព្យាបាល មកយកកូន ឬមកទទួលសេវាផ្សេងៗ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍ ត្រូវចុះដោះស្រាយភ្លាមៗ កុំឱ្យកកស្ទះចរាចរណ៍។

លោកថាកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីពិនិត្យលើការងារឡើងវិញ ថាតើនៅខ្វះខាត ចន្លោះប្រហោងអ្វីខ្លះ ដើម្បីយកមកបំពេញបន្ថែម សំដៅធ្វើយ៉ាងណាបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរទាំងការរក្សាសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនពួកគាត់ជាដើម។

ជាមួយគ្នានេះ លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានមណ្ឌលកម្សាន្ត ចំនួន៣៦៣ទីតាំង អាជីវកម្ម ដែលមានការ៉ាអូខេចំនួន២៧២ទីតាំង ក្លឹបចំនួន៤៦ទីតាំង និងបៀរហ្គាឌិនចំនួន៤៥ទីតាំង។

ចំពោះទីតាំងអាជីវកម្មខាងលើនេះ លោក ឃួង ស្រេង បានជំរុញឱ្យមានផែនការទប់ស្កាត់បញ្ហាគ្រឿងញៀន ពិសេសអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះពិនិត្យមើលទីតាំង ដែលមានហានិភ័យ ចំពោះគ្រឿងញៀននេះ ដើម្បីមានវិធានការលើការបង្ក្រាប លុបបំបាត់គ្រឿងញៀនឱ្យបាន។ បញ្ហាគ្រឿងញៀនត្រូវតែមានវិធានការលុបបំបាត់ មិនថាទីតាំងអាជីវកម្មខាងលើ នៅតាមសាលារៀន និងទីតាំងផ្សេងៗទៀតឡើយ គឺត្រូវរួមគ្នាដើម្បីលុបបំបាត់។ ត្រូវបំផុសផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ដោយសារតែរដូវនេះជារដូវក្តៅ ងាយរងគ្រោះដោយអគ្គីភ័យ ។

នាឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានស្នើដល់អាជ្ញាធរខណ្ឌទាំង១៤ នៅពេលគោរពទង់ជាតិ តាមសាលារៀន ត្រូវចុះផ្សព្វផ្សាយដល់សិស្សានុសិស្សពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីឱ្យពួកគាត់ ដើរអោយឆ្ងាយពីគ្រឿងញៀន ឆ្លើយថាទេ ចំពោះគ្រឿងញៀន និងដើរឱ្យឆ្ងាយពីក្រុមបងតូច បងធំជាដើម៕