(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា អន្តរសាសនាខេត្តព្រះសីហនុ ជាក្រុមគោលដៅអាទិភាពមួយអាចបញ្ជូនសារអប់រំពីបញ្ហាគ្រឿងញៀនដល់សហគមន៍។

ការថ្លែងបែបនេះ របស់ឧត្តមសេនីយ៍ឯក លឹម តុងហួត បានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាការលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់អន្តរសាសនាខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។

លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានថ្លែងអំណរគុណដល់កិច្ចសហការយ៉ាងល្អរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរខេត្តព្រះសីហនុ និងវិស័យសាសនា ដើម្បីផ្តល់ឱកាសឱ្យវិស័យសាសនាអាចចូលរួមការងារសង្គមពិសេសការងារផ្សព្វផ្សាយព័ត៌មានពិតពីបញ្ហាគ្រឿងញៀនដល់បរិស័ទរបស់ខ្លួន។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងថាអំណរគុណដល់គ្រប់សាសនាដែលបានបញ្ជូនតំណាងជាព្រះសង្ឃ ជាអ៉ីម៉ាំ គ្រូគង្វាល បូជាចារ្យ អាចារ្យ និងក្រុមជំនុំ មកចូលរួមសិក្សាស្វែងយល់ ចាប់យកចំណេះដឹង ការចែករម្លែកបទពិសោធន៍ពីសិក្ខាសាលាក្នុងគោលបំណងរួមគ្នាជួយសហគមន៍ឱ្យមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀនដែលជាដើមចមនៃបទល្មើសផ្សេងៗ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា ឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពដោយបានដាក់ការងារនេះនៅមុំទី១ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រៅពីយុទ្ធសាស្រ្តពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្តេចធិបតីហ៊ុន ម៉ាណែត បានបន្តដាក់ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ បទបញ្ជា វិធានការដ៏ម៉ឺងម៉ាត់សំដៅពង្រឹងប្រសិទ្ធភាពការងារផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបញ្ជាក់ថា វិធានការផ្សព្វផ្សាយ អប់រំ ផ្តល់ព័ត៌មានពិតបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋជាការងារអាទិភាពដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន អង្គភាពទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន វិស័យសាសនាត្រូវចូលរួមសកម្មភាពផ្សព្វផ្សាយ អប់រំ ហើយសិក្ខាសាលាផ្តល់ចំណេះដឹងដល់ព្រះសង្ឃ អ៉ីម៉ាំ គ្រូគង្វាល បូជាចារ្យ និងក្រុមជំនុំមកពីអន្តរសាសនានាពេលនេះ គឺពិតជាអាចជួយឱ្យការងារនេះបានផ្សព្វផ្សាយផុលផុសរីកសុះសាយដល់សមាជិកក្នុងផ្ទះ និងសហគមន៍បានដឹងនឹងអាចចាកចេញឆ្ងាយពីបញ្ហាគ្រឿងញៀន «ផ្ទះអ្នកផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិអ្នកភូមិខ្ញុំនឹងគ្មានគ្រឿងញៀន សហគមន៍នឹងគ្មានគ្រឿងញៀន»។

ឧត្តមសេនីយ៍ត្រី យិន យឿត បានឱ្យដឹងថា សិក្ខាកាមបានយល់ដឹងពីអ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕