(បាត់ដំបង)៖ លោក សុខ លូ ជាប្រធានគណៈកម្មាធិកាសាខានិងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត បាត់ដំបង និងលោកស្រី ម៉េត រ៉ាវិចិត្រ សុខ លូ អនុប្រធានកិត្តិយសសាខា នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបនឹងសម្រាលកូនតូច និងស្រ្តីមានផ្ទៃពោះ ចំនួ៥០នាក់ មកពីភូមិចំនួន៦ ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ។

ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមា រ២១ កុម្ភៈ ២០២៤ ក្រោមប្រធានបទ «ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល»។ ដែលកត់សម្គាល់នូវការបរិច្ឆេទ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារទី២ ពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១។

នាឱកាសនោះ លោក សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋជាស្ត្រីដែលជាមាតា ទារក និងកុមារគ្រប់រូប។

លោកស្រី ម៉េត រ៉ាវិចិត្រ សុខ លូ បានបន្តថា ក្នុងនាមជាស្ត្រី និងមាតាម្នាក់ បានកោតសរសើរជាខ្លាំង ចំពោះស្មារតីទទួលខុសត្រូវរបស់មាតាគ្រប់រូប ក្នុងការចិញ្ចឹម និងថែទាំកូនតាំងពីទារក រហូតដល់ពេញវ័យ ដោយមិនមានពោលពាក្យនឿយហត់បន្តិចសោះឡើយ ដែលនេះ បង្ហាញឱ្យឃើញពីព្រហ្មវិហារធម៌ របស់មាតារួមទាំងបិតា ចំពោះបុត្រធីតាគ្រប់រូប។

លោកស្រីបានឱ្យដឹងថា បច្ចុប្បន្ននេះទោះបីអត្រាមរណៈភាពរបស់មាតា និងទារកបានថយចុះក៏ដោយ ប៉ុន្តែសុខភាពមាតា ទារក និងកុមារនៅតែជាកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលទាមទារឱ្យមាតា គ្រប់រូបយកចិត្តទុក្ខដាក់បន្ថែមទៀត ទៅលើការថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗ។

លោកស្រី ម៉េត រ៉ាវិចិត្រ សុខ លូ បានបន្ថែមទាំងនេះអ្នកម្តាយគ្រប់រូបត្រូវស្វែងរកការផ្តល់ប្រឹក្សាពីមន្ត្រីសុខាភិបាល អ្នកគ្រូពេទ្យឆ្មប ដែល បម្រើការនៅមណ្ឌលសុខភាពជិតផ្ទះដូចជា៖ ការបំបៅដោះកូន ការតាមដានភាពលូតលាស់ នៃទារក ការចាក់វ៉ាក់សាំងបង្ការជំងឺ និងការប្រើប្រាស់អាហាររូបត្ថម្ភជាដើម។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនបងប្អូនស្ត្រីកូនតូចៗ និងមានផ្ទះពោះ មា្នក់ៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ទឹកបរិសុទ្ធវីឃែរ១កេស, ត្រីខ ១យួរ, មុង១, ក្រមា១ និងថវិកា៥ម៉ឺនរៀលផងដែរ៕