(ម៉ែលប៊ន, អូស្ត្រាលី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងដៃគូសន្ទាអាស៊ាន-អូស្ត្រាលី និងការប្តេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។

លោកអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងខ្លាំងក្លារបស់អូស្ត្រាលី សម្រាប់ការកសាងសហគមន៍អាស៊ាន និងមជ្ឈភាពអាស៊ាន ហើយសង្ឃឹមលើការបន្តគាំទ្ររបស់អូស្ត្រាលីចំពោះអាស៊ាន ដើម្បីលើកស្ទួយសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។

នៅព្រឹកថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះ នៅក្នុងវេទិកានាយកប្រតិបត្តិ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។

នៅក្នុងសន្ទរកថានោះ លោកអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យធុរកិច្ចអូស្ត្រាលីកាន់តែច្រើន ទៅបណ្តាក់ទុននៅក្នុងតំបន់អាស៊ាន និងចូលរួមនៅក្នុងបរិវត្តកម្មឌីជីថលអាស៊ាន និងការធ្វើដំណើរផ្លាស់ប្តូរបៃតង។

ដោយឡែកនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Don Farrell រដ្ឋមន្ត្រីពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធីដើម្បីបង្កើនទំនាក់ទំនងតំបន់ ស្តីពីការចូលរួមផ្នែកសេដ្ឋកិច្ច ក៏ដូចជា បង្កើនឱកាសឱ្យអាស៊ាន នៅក្រោមយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលី ស្តីពីការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។

បន្ថែមពីនេះ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញថ្លែងសន្ទរកថាបិទក្នុងកិច្ចសន្ទនាមេដឹកនាំកំពុងលេចមុខ នាឱកាសនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។

លោកបណ្ឌិតបានលើកទឹកចិត្តឱ្យមេដឹកនាំដែលកំពុងលេចមុខ បង្កើតភាពជាដៃគូ និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងចំណោមអាស៊ាន និងអូស្ត្រាលី ដើម្បីបង្កើតអនាគតដែលមានវិបុលភាពរួម។

ទន្ទឹមនឹងដែរ នៅល្ងាចថ្ងៃទី៥ ខែមីនាដដែលនេះ លោកបណ្ឌិត កៅ គឹមហួន រួមជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន បានអញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ពេលល្ងាច រៀបចំដោយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese មុនពេលកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៤។

នៅល្ងាចថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Christopher Luxon នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានបានបញ្ជាក់សាជាថ្មីពីតម្រូវការដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន-នូវែលសេឡង់ ឆ្ពោះទៅកាន់ខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងកិច្ចសន្ទនា នៅឆ្នាំ២០២៥៕