(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយលោក យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងប្រតិភូទទួលបន្ទុកសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ដំណើរការសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់ពីអង្គប្រជុំបានស្ដាប់របាយការណ៍ពីការត្រៀមរៀបចំដំណើរការសន្និបាតរួចមក លោក យូ ស៊ុនឡុង បានស្នើឱ្យអង្គភាពពាក់ព័ន្ធធ្វើសេចក្តីរាយការណ៍ ដែលរួមមាន គណៈបញ្ជាការអង្គរក្ស គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងាររុករកជាតិផ្ទុះ និងគណៈកម្មការរៀបចំបុណ្យជាតិ និងអន្ដរជាតិ ដែលអង្គភាព និងក្រុមការងារទាំងនេះ បានផ្ដល់នូវយោបល់ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ដើម្បីការពារសុវត្ថិភាពជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាសដំណើរការបើក និងបិទសន្និបាតទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន បានបង្ហាញពីកិច្ចត្រៀមសហការ ព្រមទាំងបានគាំទ្រចំពោះផែនការសន្តិសុខទាំងអស់របស់ក្រុមការងារដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នឹងប្រព្រឹត្តទៅនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៤ ដែលបើកដោយលោក ឆាយ ឫទ្ធិសែន និងពិធីបិទក្រោមអធិបតីភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕